
អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ១០គ្រួសារទទួលអំណោយលោក ហ៊ុន ម៉ាណែត និងលោកស្រី

អត្ថបទ៖ កែម ចិន្តា
កំពង់ធំ៖ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដឹកនាំសហការី ក្រុមគ្រូពេទ្យ រួមជាមួយអាជ្ញាធរដែនដី ចុះសាកសួរសុខទុក្ខពីជីវភាពរស់នៅរបស់អតីតយុទ្ធជន ចំនួន១០ គ្រួសារដែលមានការខ្វះខាតក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងការឆ្លងមេរោគកូវីដ-១៩ និងបានទទួលអំណោយពីលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី កាលរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅវត្តតាប្រូក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ក្នុងគ្រានោះលោកវរសេនីយ៍ត្រី លី ស៊ីណា នាយគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ជូនដល់ប្រជាពលរដ្ឋ និងអតីតយុទ្ធជន ដោយពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព លាងដៃនិងសាប៊ូ ឬអាកុល ជែល ចៀសវាងការឆ្លងក្នុងសហគមន៍ ។
ទន្ទឹមនឹងនេះលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវការផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជូនដល់ប្រជាពលរដ្ឋនិងអតីតយុទ្ធជន ត្រូវតែខិតខំយកចិត្តទុកដាក់បំផុតក្នុងកិច្ចការពារកកុំឲ្យឆ្លងរីករាលដាលមេរោគកូវីដ-១៩ សម្ដេចតេជោ ហ៊ុនសែន បានរៀបចំថវិកាជាតិ និងថវិការបស់សប្បុរសជន ដើម្បីទិញវ៉ាក់សាំងសម្រាប់ការពារមេរោគកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស តាមដំណាក់កាល ។
គួរបញ្ជាក់ថាគ្រួសារអតីតយុទ្ធជន និងបងប្អូនអតីតយុទ្ធជនពិការទាំង១០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកពិសាបរិសុទ្ធ១កេស មុងច្រលក់ថ្នាំចំនួន១ ម៉ាសក្រណាត់ចំនួន១២ម៉ាស និងថវិកាមួយចំនួនផង៕
