ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តកំពត ផ្តល់អំណោយជូនពលរដ្ឋក្រីក្រ ៦៦គ្រួសារនៅសង្កាត់ត្រើយកោះ និងជំរុញពលរដ្ឋ ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងសហគមន៍ 

image

អត្ថបទ វង្ស សុធារម្យ

កំពត៖ ស្នងការនគរបាលខេត្តកំពត បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្តតែងតែយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងអន្តរកាលកូវីដ១៩នេះ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ថវិកាជូនពលរដ្ឋក្រីក្រចំនួនបីខែបន្ថែមទៀត ដើម្បីជួយសម្រាលការលំបាក។ ដូច្នេះសូមពលរដ្ឋចូលរួមអនុវត្តវិធានសុវត្ថិភាពឲ្យកាន់តែប្រើសើរ ដើម្បីការពារខ្លួនផងនិងសហគមន៍ផង។

ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយមានដូចជា អង្ករ ទឹកត្រី ប៊ីចេង ស្ករ មី ម៉ាស់ និងថវិកាមួយចំនួន ជូនគ្រួសារពលរដ្ឋក្រីក្រចំនួន ៦៦គ្រួសារនៅសង្កាត់ត្រើយកោះ ក្រុងកំពត នារសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងជាប្រធានក្រុមការងារចុះជួយសង្គាត់ត្រើយកោះ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត ពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះ ចាស់ជរាគ្មានទីពឹង កុមារកំព្រា និងគ្រួសារខ្វះខាត ដោយមិនរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវវិធានអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេសអនុវត្តនូវវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ឲ្យបានល្អ។ 

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានបន្ថែមដែរថា បើទោះជាខេត្តកំពត មិនមានករណីឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា និងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចូលរួមបង្ការទប់ស្កាត់ការឆ្លងរាល់ដាល់ជំងឺកូវីដ១៩នៅក្នុងសហគមន៍ និងសូមចូលរួមអនុវត្តវិធានសុវត្ថិភាពដូចខាងក្រោម៖

១.លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល

២.ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ

៣.ជៀសវាងប៉ះពាល់ជិតស្និតជាមួយអ្នកដែលមានគ្រុនក្តៅ ក្អក ឬផ្តាសាយ

៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់

៥.បរិភោគអាហារចម្អិនឆ្អិនបានល្អ និងទី៦ ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ៕

ព័ត៌មានទាក់ទង...