ព័ត៌មានជាតិ

វគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាស របស់បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក នៅតែបន្តអនុវត្តន៍តាមផែនការ ទោះបីបញ្ហាជំងឺកូវី-១៩កំពុងប្រឈមក៏ដោយ

image

អត្ថបទ៖ មួង សុវណ្ណារិទ្ធ   

ភ្នំពេញ៖ លោកវរសេនីយ៍ឯក អោក ឆាយ នាយផ្នែកហ្វឹកហ្វឺន បញ្ជាការដ្ឋានការពារអាកាស នៅថ្ងៃទី ១៧ខែធ្នូនេះ បានឡើងថ្នាក់មេរៀន ទ្រឹស្ដីបាញ់ជាក្រុម ចលនាបាញ់យន្តហោះឧទ្ធម្ភាគចក្រ ដើម្បីឱ្យសិក្ខាកាមជំនាញការពារអាកាសទាំងអស់បានសិក្សាស្វែងយល់លើមេរៀនដែលមានអត្ថន័យ ដើម្បីធានាបានការគ្រប់គ្រង និងប្រើប្រាស់អាវុធបានស្ទាត់ជំនាញ ជាពិសេសពេលមានសភាពការចាំបាច់ក្នុងពេលប្រយុទ្ធ និងបម្រើប្រយុទ្ធបានល្អ។ 

ក្នុងដំណាក់កាលប្រទេសជាតិមានសុខសន្តិភាព គឺរឿងចាំបាច់ និងមិនអាចបញ្ឈប់បានឡើយ បើទោះបីជាខណៈនេះប្រទេសយើងកំពុងតែលុកលុយដោយបញ្ហាជំងឺកូវីដ-១៩ ក៏ដោយ ព្រោះថាការហ្វឹកហ្វឺន បានផ្ដល់នូវការយល់ដឹង និងបទពិសោធន៍ដែលអាចធានាបានអំពីសមត្ថភាព ជំនាញ វិជ្ជាជីវៈរបស់យោធិនទាំងក្នុងការងារប្រយុទ្ធ និងត្រៀមប្រយុទ្ធដើម្បីការពារជាតិមាតុភូមិ។ 

ឧត្តមសេនីយ៍ទោ សុខ បាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានការពារអារកាស បានជំរុញដល់គណៈគ្រប់គ្រងវគ្គឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមសេចក្តីណែនាំ

របស់អគ្គបញ្ជាការ, បញ្ជាការដ្ឋានកងទ័ពជើងគោក និងវិធានការនានារបស់ក្រសួងសុខាភិបាល ស្តីពីវិធីការពារជំងឺកូវីដ-១៩ ឱ្យបានហ្មត់ចត់ដើម្បីធានាបាននូវសុវត្ថិភាពយោធាចារ្យ សិក្ខាកាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងបញ្ជាការដ្ឋាការពារអាកាស ពោលគឺសំដៅធានាអនុវត្តន៍ឱ្យបានតាមផែនការហ្វឹកហ្វឺនដែលបានដាក់ចុះប្រកបដោយគុណភាព។

សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាស ខាងលើនេះមានសិក្ខាកាមសរុបចំនួន១០០នាក់ មកពីបណ្តាអង្គភាពចំណុះកងទ័ពជើងគោក និងសមីអង្គភាពបញ្ជាការដ្ឋានការពារអាកាស។ សិក្សារយៈពេល៣ខែ (ចាប់ពីថ្ងៃទី៣០ ខែកញ្ញា  ឆ្នាំ២០២០ កន្លងទៅ) ដែលគ្រោងបិទបញ្ចប់វគ្គ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ៕