ព័ត៌មានជាតិ

ត្រីប្រហុកចាប់ផ្តើមត្រូវបណ្តើរៗ តែមិនសូវសំបូរធ្វើឲ្យតម្លៃខ្ពស់ជាងឆ្នាំមុន

image

អត្ថបទ៖ ហឹង ចូច   

កំពង់ឆ្នាំង៖ ត្រីសម្រាប់ធ្វើប្រហុក ផ្អក បានចាប់ផ្តើមត្រូវជាបណ្តើៗហើយ នៅខេត្តកំពង់ឆ្នាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខណ:ពេលដែលត្រីចាប់ផ្តើមត្រូវ គេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាចុះមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត ត្រៀមទុកសម្រាប់ការបរិភោគប្រចាំឆ្នាំ។

ប្រជាពលរដ្ឋដែលចុះមកធ្វើត្រីប្រហុកនៅតាមតំបន់នានាក្នុងខេត្តកំពង់ឆ្នាំង មានមកពីខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តពង់ចាម ត្បូងឃ្មុំ និងមួយចំនួនទៀតជាអ្នកខេត្តកំពង់ឆ្នាំង ដែលពួកគាត់ រស់នៅប៉ែកខាងលើឆ្ងាយពីដែននេសាទ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅក្រោយពេលប្រមូលផលស្រូវវស្សារួចរាល់ហើយ ពួកគាត់តែងតែនាំគ្នាចុះមកកាន់ដែននេសាទនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដើម្បីធ្វើប្រហុក ផ្អក ត្រៀមទុកសម្រាប់បរិភោគប្រចាំឆ្នាំ។ ពួកគាត់បញ្ជាក់ថា នៅកំពង់ឆ្នាំងត្រីសំបូរ ហើយធំៗងាយស្រួលទិញ ប៉ុន្តែឆ្នាំនេះត្រីថ្លៃជាងឆ្នាំមុន ដោយសារអ្នកនេសាទចាប់ត្រីមិនសូវបាន។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួកសិម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ CNC ថា តាមការប៉ាន់ប្រមាណទិន្នផលត្រីធម្មជាតិទឹកសាបនេសាទដោយដាយឆ្នាំ២០២០នេះ ទំនងជាទទួលបានក្នុងរង្វង់ ៩.៩០០តោន ថយចុះប្រមាណ១០ភាគរយ បើធៀបកាលពីឆ្នាំ២០១៩កន្លងទៅ ដែលទទួលបានប្រមាណ ១៤.៣០០តោន។ ការថយចុះផលត្រីបែបនេះ ដោយសារតែរដូវរាំងស្ងួតបានអូសបន្លាយពេលយូរជាងសព្វដង។ 

សូមបញ្ជាក់ថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាបនរមាញ់និងនេសាទ នៅថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ មកធ្វើប្រហុកផ្អក ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៦ ខែធ្នូនេះ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើកម្ពស់ទឹកដែលហូរចេញពីបឹងទន្លេសាបរួចមកឃើញថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកណ្តាល អាចនេសាទត្រីបានច្រើននៅក្នុងខែបុស្សនេះ គឺចាប់ពីថ្ងៃ៦កើតដល់ថ្ងៃ១២កើតត្រូវនឹងថ្ងៃទី២០រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អគ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។

យោងលើស្ថាភាពដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផលអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រី ក្នុងខែបុស្សនេះ ឲ្យបានរួសរាន់តាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូនខាងលើ។

ជាមួយគ្នានេះដែរ រដ្ឋបាលជលផលសូមសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាបង្ករលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរទៅមក ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រីកុំឲ្យរាំងស្ទះតាមការគូរ៕