ព័ត៌មានជាតិ

បង្ក្រាបល្បែងស៊ីសង ២ទីតាំងនៅក្រុងបាត់ដំបង និងចាប់ខ្លួនមនុស្ស ៦នាក់

image

បាត់ដំបង៖ សមត្ថកិច្ចខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងដោយខុសច្បាប់ចំនួន ២ទីតាំង នៅក្នុងសង្កាត់អូរចារ និងសង្កាត់ចំការសំរោង ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ នេះបើយោងតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ ទីតាំងទី១ មានការជួបជុំគ្នា(ភ្នាល់កីឡាប្រដាល់)តាមទូរទស្សន៍ នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង និងទីតាំងទី ២ មានការប្រមូលគ្នាលេងល្បែងស៊ីសង(ចាក់អាប៉ោង)នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ 

ករណីនេះ នគរបាលបានធ្វើការអប់រំណែនាំដោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបន្តទៀតចំពោះអ្នកភ្នាល់ប្រដាល់តាមទូរទស្សន៍  រីឯអ្នកភ្នាល់អាប៉ោងចំនួន ៦នាក់ បាននាំទៅកាន់ស្នង ការដ្ឋាន ដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ និងវត្ថុតាងដែលដកហូតបាន រួមមាន កម្រាលកៅស៊ូសម្រាប់ចាក់អាប៉ោងចំនួន ១, គម្របផ្តិលសម្រាប់គ្របចានអាប៉ោងចំនួន ១, ចានសម្រាប់បាញ់អាប៉ោងចំនួន ១, គ្រាប់អាប៉ោងចំនួន១, ចានជ័រដាក់ដីខ្សាច់សម្រាប់ទ្រចានអាប៉ោងចំនួន ១។

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ករណីល្បែងស៊ីសងនៅតាមមូលដ្ឋាន បើទោះបីជាសមត្ថកិច្ចបានធ្វើការផ្សព្វផ្សាយអប់រំណែនាំតាមរយៈរូបភាព និងមធ្យោបាយជាច្រើនយ៉ាងណាក្តី តែអ្នកញៀនល្បែង តែងតែលួចលាក់ប្រព្រឹត្តនូវសកម្មភាពល្មើសនេះជាបន្តបន្ទាប់។   

លោកស្នងការ បានអះអាងថា លោកតែងតែណែនាំដល់គ្រប់អធិការដ្ឋាននគរបាលក្រុង  ស្រុក និងការិយាល័យជំនាញ  ត្រូវតែចាត់វិធានការ អប់រំណែនាំ ឬចាត់វិធានការបង្ក្រាប ដោយមិនអនុគ្រោះចំពោះករណីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ដូច្នេះ ប្រជាពលរដ្ឋដែលញៀននឹងល្បែងស៊ីសង ត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពល្មើសច្បាប់ ព្រោះករណី មិនរាងចាលទេនោះគឺត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕


ព័ត៌មានទាក់ទង...