ព័ត៌មានជាតិ

ក្រសួងការងារ ប្រាប់ទីភ្នាក់ងារជ្រើសរើសឯកជន និងមន្ត្រីពាក់ព័ន្ធ ឱ្យផ្អាកការបញ្ជូនពលករទៅប្រទេសថៃ រហូតដល់មានការជូនដំណឹងជាថ្មី

image

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រលប់ថ្ងៃទី២១ ខែធ្នូនេះ បានចេញលិខិតប្រាប់ទីភ្នាក់ងារជ្រើសរើសឯកជន និងមន្ត្រីពាក់ព័ន្ធ ឱ្យផ្អាកការបញ្ជូនពលករ MOU និងពលករតាមរដូវកាលទៅប្រទេសថៃ រហូតដល់មានការជូនដំណឹងជាថ្មី។

ការណែនាំនេះ បានធ្វើឡើងដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារសុខភាព សុវត្ថិភាព និងជីវភាពរបស់ពលករខ្មែរ ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ ក្នុងខេត្តសាមុតសាខននៃប្រទេសថៃ។

តាមសេចក្តីជូនដំណឹងនោះ ក្រសួងការងារ ក៏បានណែនាំឱ្យទីភ្នាក់ងារជ្រើសរើសឯកជន និងមន្ត្រីពាក់ព័ន្ធ ត្រូវបន្តទំនាក់ទំនងជាមួយនិយោជកថៃ ឬសមាគមនិយោជកថៃ និងអាជ្ញាធរថៃ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច កម្ពុជាដើម្បីជួយសម្រួលដល់ ពលករ ក្នុងករណីចាំបាច់តាមការសម្រេចរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ សម្រាប់ពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ក្រសួងការងារ បានណែនាំឱ្យអនុវត្តឱ្យបានល្អនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ជាពិសេស គឺត្រូវរក្សាភាពនឹងនរ និងជឿជាក់លើសមត្ថកិច្ចថៃក្នុងការគ្រប់គ្រង បង្ការ និងព្យាបាលជំងឺកូវីដ-១៩។ សូមរក្សាប្រក្រតីភាពការងារ កុំផ្លាស់ប្តូរកន្លែងស្នាក់នៅ ឬកន្លែងធ្វើការងារពីខេត្តមួយទៅខេត្តមួយ ដែលខុសនឹងបម្រាមរបស់អាជ្ញាធរថៃ។ ទន្ទឹមនេះ ត្រូវចូលរួមសហការ និងគោរពឱ្យបាននូវរាល់បទបញ្ជា និងវិធានការសុខាភិបាលដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ចថៃ និងនិយោជកថ្ងៃ និងត្រូវអនុវត្តតាមការណែនាំ ឬសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូត ឬអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ប្រសិនជាមាន។

ក្រសួង ក៏បានរម្លឹកឱ្យពលករខ្មែរ ត្រូវលាងដៃជាមួយនឹងសាប៊ូ ឬដែលឱ្យបានញឹកញាប់ ពាក់ម៉ាស និងរក្សាអនាម័យឱ្យបានល្អ និងជាប្រចាំនៅកន្លែងធ្វើការងារ និងកន្លែងស្នាក់នៅ ព្រមទាំងកុំចេញទៅកន្លែងសាធារណៈដែលមានមនុស្សច្រើន និងត្រូវទាក់ទងទៅស្ថានឯកអគ្គរាជទូត ឬអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជាជាបន្ទាន់ក្នុងករណីមានបញ្ហា។

ចំពោះមុខ ក្រសួង បាននិងកំពុងទំនាក់ទំនងជាមួយក្រសួងការងារថៃ និងបានស្នើភាគីថៃសម្រួលការងារឯកសារ ផ្សេងៗដល់ពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឱ្យបានភាពស្របច្បាប់ ជាបណ្តោះអាសន្នក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩នេះ។

ដោយឡែក សម្រាប់ពលករ ដែលចាំបាច់ត្រូវវិលត្រឡប់មកស្រុកកំណើតវិញ ក្រសួងបានណែនាំ ឱ្យជ្រើសរើសច្រកណាមួយក្នុងចំណោមច្រកអូស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែត ជាដាច់ខាត ដែលនៅទីនោះរាជរដ្ឋាភិបាលមានរៀបចំការត្រួតពិនិត្យសុខភាព ដើម្បីការពារសុខភាពរបស់បងប្អូន ក៏ដូចជាបង្ការ និងការពារសុខភាពក្រុមគ្រួសាររបស់បងប្អូនដែលនៅស្រុកកំណើត។ ត្រូវអនុវត្តវិធានការត្រួតពិនិត្យសុខភាព និងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ទៅតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន។ ត្រូវប្រើប្រាស់រថយន្តដែលកំណត់ដោយមណ្ឌលចត្តាឡីស័ក ក្រោយពេលបញ្ចប់ការធ្វើចត្តាឡីស័ក ត្រឡប់ទៅភូមិកំណើត។ ត្រូវជូនដំណឹងដល់អាជ្ញាធរភូមិ ឃុំ និងអ្នកជិតខាងឱ្យជ្រាបថា ខ្លួនទើបវិលត្រឡប់មកពីប្រទេសថៃ។ក្នុងករណីមានបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវជូនដំណឹងទៅអាជ្ញាធរភូមិ ឃុំរបស់ខ្លួន ដើម្បីទទួលបានសេវាអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល។

ក្រសួង ក៏បានណែនាំ ឱ្យចុះឈ្មោះជាមួយទីភ្នាក់ងារជាតិមុខរបរនិងការងារ តាមរយៈ ww.nea.gov.kh ឬទូរស័ព្ទ ០១៧ ៨៩០ ៦៥៦ ប្រសិនជាបងប្អូនមានបំណងស្វែងរកការងារ ធ្វើក្នុងស្រុក និងសូមចុះឈ្មោះស្វែងរក ឱកាសការងារជាមួយភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់ ប្រសិនជាមានបំណងស្វែងរកការងារធ្វើនៅប្រទេសណាមួយផ្សេង។ ជាមួយនេះ សូមចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយឥតបង់ថ្លៃនៅគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈណាមួយរបស់ក្រសួង ដែលនៅជិតផ្ទះរបស់ខ្លួន៕