ព័ត៌មានអន្តរជាតិ

គណៈកម្មការអឺរ៉ុបអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer/BioNTech ជាផ្លូវការ

image


អឺរ៉ុប៖ កាលពីថ្ងៃចន្ទ និយ័តករឱសថរបស់សហភាពអឺរ៉ុបបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលផលិតដោយក្រុមហ៊ុនឱសថ ហ្វាយហ្ស័រ និង បាយអូអិនថិច (Pfizer/BioNTech) នៅក្នុងរដ្ឋជាសមាជិកទាំង២៧បន្ទាប់ពីវ៉ាក់សាំងនេះកំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអង់គ្លេសនិងអាមេរិក។

ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយពីទទួលបានការសម្រេចពីទីភ្នាក់ងារឱសថអឺរ៉ុប (EMA), គណៈកម្មការអឺរ៉ុបបានចេញការអនុម័តជាផ្លូវការឲ្យចាប់ផ្តើមចាក់វ៉ាក់សាំងនោះដល់ពលរដ្ឋក្នុងរយៈពេលមួយសប្តាហ៍។

ដំណើរការចែកចាយវ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថ ហ្វាយហ្ស័រ (Pfizer) អាចនឹងត្រូវបានធ្វើឡើងនៅក្នុងបណ្តារដ្ឋមួយចំនួននៅអឺរ៉ុបនៅថ្ងៃអាទិត្យ ខណៈដែលប្រទេសអាល្លឺម៉ង់, អូទ្រីស និងអ៊ីតាលីបានប្រកាសថាគេគ្រោងនឹងចាប់ផ្តើមការចាក់វ៉ាក់សាំងនោះនៅថ្ងៃទី២៧ ខែធ្នូ។

ប្រទេសមួយចំនួនដូចជាអាល្លឺម៉ង់និងហូឡង់ត្រូវបានបង្ខំឲ្យបិទប្រទេសមួយផ្នែកដោយសារការព្រួយបារម្ភពីការកើនឡើងនូវចំនួនអ្នកឆ្លងជំងឺកូវីដ១៩ក្នុងអំឡុងពេលឈប់សម្រាកថ្ងៃបុណ្យណូអែលនិងឆ្លងឆ្នាំសកល។

ទន្ទឹមនឹងនោះក៏មានការគំរាមកំហែងថ្មីមួយទៀតផងដែរគឺការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មីដែលវិវឌ្ឍចេញពីវីរុសកូវីដ១៩នៅក្នុងប្រទេសអង់គ្លេសដែលបានធ្វើឲ្យប្រទេសជាច្រើននៅអឺរ៉ុបនិងតំបន់ផ្សេងទៀតហាមឃាត់ការធ្វើដំណើរមកពីអង់គ្លេស៕

ប្រែសម្រួល៖ នីតា


ព័ត៌មានទាក់ទង...