ព័ត៌មានជាតិ

ចាប់ខ្លួនមនុស្ស៣នាក់ពីបទស្តុកទុកផលិតផលក្លែងក្លាយ និងបិទទីតាំងចែកចាយនៅរាជធានីភ្នំពេញ

image

ភ្នំពេញ៖ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ចែ សុង បានបញ្ជាឱ្យបង្ក្រាបទីតាំងផលិតផលក្លែងក្លាយមួយកន្លែង នៅជិតផ្សារអូឡាំពិក កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ ក្នុងប្រតិបត្តិការបង្ក្រាបនោះមានគណៈកម្មាធិការចម្រុះមួយក្រុម ដោយមានកម្លាំងរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ កាំកុងត្រូល និងអាជ្ញាធរខណ្ឌបឹងកេងកងផងដែរ។

សមត្ថកិច្ចបានឱ្យដឹងថា ទីតាំងចែកចាយ និងស្តុកទុកផលិតផលក្លែងក្លាយទាំងនោះ បានរកឃើញមានទំនិញជាច្រើនមុខដូចជា ប្រភេទឡេលាបស្បែក ម្សៅលាបមុខ និងសំឡីអនាម័យ me me និងផលិតផលជាច្រើនប្រភេទផ្សេងៗទៀតផងដែរ នៅចំណុចផ្ទះលេខ ៨Eo ផ្លូវលេខ ៣១០ (ខាងកើតផ្សារអូឡាំពិក) ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ទីតាំងចែកចាយ និងស្តុកទុកផលិតផលទាំងនោះ ត្រូវបានកម្លាំងចម្រុះបិទ និងចាប់ខ្លួនមនុស្សប្រុសស្រីចំនួន ៣នាក់ (ប្រុស ២នាក់ និងស្រីម្នាក់) យកទៅសាកសួរផងដែរ។ ចំណែកផលិតផលទាំងនោះ ត្រូវបានដកហូតយកទៅធ្វើសំណាក។

ទោះជាយ៉ាងនេះក៏ដោយសមត្ថកិច្ចមិនបានបញ្ជាក់លម្អិតអំពីករណីនោះនៅឡើយទេ ដោយករណីនោះកំពុងស្ថិតក្នុងដំណាក់កាលនៃស៊ើបអង្កេត ដោយនាំខ្លួនជនសង្ស័យទៅសួរនាំនៅឡើយ៕

ព័ត៌មានទាក់ទង...