ព័ត៌មានជាតិ

ពលរដ្ឋជាង ៤០០គ្រួសារ ដែលរស់នៅតាមដងស្ទឹងសៀមរាប ស្ម័គ្រចិត្តរុះរើសំណង់ទៅនៅទីតាំងថ្មី (ភូមិធម្មជាតិរុនតាឯក) ដែលរៀបចំដោយរដ្ឋបាលខេត្ត

image

សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងការរៀបចំដីធ្លីសម្រាប់ប្រជាពលរដ្ឋដែលរស់នៅលើដីចំណីស្ទឹង តាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពាននាគ រហូតដល់ស្ពានអង្គរ ដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានស្ម័គ្រចិត្តរុះរើសំណង់នៅតាមបណ្តោយស្ទឹងសៀមរាប។ 

លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលធ្វើការផ្លាប់ប្តូរទីតាំងនេះ ទទួលបានគោលនយោបាយដីទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំឃុនរាម ស្រុកបន្ទាយស្រី។ ជាមួយគ្នានឹងការចុះពិនិត្យទីតាំងនេះ លោក អភិបាលខេត្តបានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវធ្វើការបោះបង្គោលព្រំឱ្យបានត្រឹមត្រូវ ប្រព័ន្ធទឹក ភ្លើង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យសមស្របទៅតាមតម្រូវរបស់ប្រជាពលរដ្ឋ។ 

ក្នុងការទទួលគោលនយោបាយនេះ ប្រជាពលរដ្ឋ មានការសប្បាយចិត្តនឹងការទទួលយកគោលនយោបាយនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្ត ដែលបានគិតគូរដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ដោយស្ថានភាពបច្ចុប្បន្នដែលកំពុងធ្វើឱ្យសេដ្ឋកិច្ចមានការធ្លាក់ចុះ ប្រជាពលរដ្ឋ ក៏បានសំណូមពរដល់រដ្ឋបាលខេត្ត ជួយក្នុងការរុះរើ និងដឹកជញ្ជូនសំណង់របស់ពួកគាត់មកទីតាំងថ្មី។

សម្មភាពនេះ ជាការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិវឌ្ឍខេត្តសៀមរាប តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ខ្សែ និងការស្តារស្ទឹងសៀមរាបដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យស័ក្កិសមជាទីក្រុងវៃឆ្លាតនាពេលខាងមុខ។ ម៉្យាងទៀត ក៏ជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាឱ្យបានច្រើនកុះករបន្ទាប់ពីកូវីដ១៩ បានចប់។

រដ្ឋបាលខេត្តសៀមរាប ក៏សូមថ្លែងអំណរគុណផងដែរ ចំពោះកាយវិកា ចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍ខេត្តសៀមរាបឱ្យមានសោភ័ណភាព និងក្លាយជាទីក្រុងវ័យឆ្លាតនាពេលអនាគត៕

ព័ត៌មានទាក់ទង...