ព័ត៌មានជាតិ

កម្ពុជា ស្នើអូស្ដ្រាលី ផ្ដល់មន្រ្ដីបច្ចេកទេសការពារអ្នកប្រើប្រាស់ មកប្រចាំការនៅកម្ពុជា 

image

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានស្នើឱ្យភាគីអូស្ដ្រាលី ផ្ដល់មន្រ្ដីបច្ចេកទេសការពារអ្នកប្រើប្រាស់ (Consumer Protection) មកប្រចាំការនៅកម្ពុជា ដើម្បីចែករំលែកបទពិសោធ និងលើកម្ពស់ប្រសិទ្ធភាពការងារ សំដៅបង្កើនបរិមាណនាំចេញផលិតផលកម្ពុជា ទៅអូស្ដ្រាលី។

ការស្នើនេះ បានធ្វើឡើងក្នុងជំនួបរវាងលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្ដាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន។

ក្នុងជំនួប លោករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យភាគីអូស្ដ្រាលី បន្ដគាំទ្រផ្ដល់អាហារូបករណ៍ជូនកម្ពុជានិងបានអញ្ចើញក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចអូស្រ្ដាលីទាំងឡាយ មកវិនិយោគនៅកម្ពុជាផងដែរ។

ភាគីទាំងពីរ ក៏បានពិភាក្សាលើវិបិត្តកូវីដ-១៩ ដែលមានផលប៉ះពាល់កន្លងមកដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនគ្រប់គ្នា និងបានអបអរសាទលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងអូស្ដ្រាលីជាសមាជិក ក្នុងខែវិច្ឆិកាកន្លងមក។

ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានជម្រាបលោករដ្ឋមន្រ្ដី ថា អូស្រ្ដាលីនឹងបន្ដផ្ដល់អាហារូបករណ៍ជូនកម្ពុជា ហើយក៏បានកោតសសើរកម្ពុជា ទោះបីក្នុងស្ថានភាពលំបាក់ក្នុងវិបត្តកូវីដ-១៩ ការនាំចេញអង្ករផ្កាម្លិះខ្មែរទៅអូស្ដ្រាលី បានកើនឡើងប្រមាណ ៦០%។ 

លោកឯកអគ្គរាជទូត ក៏បានជម្រាបលោករដ្ឋមន្រ្ដីនូវគម្រោង CAVAC ដែលភាគីអូស្រ្ដាលីបានគាំទ្រ ដែលហ្វឹកហ្វឺនកសិករខ្មែរប្រមាណ ២០០០នាក់ក្នុងវិស័យអេឡិចត្រូនិចដើម្បីលក់ផលិតផលរបស់ខ្លួនតាមប្រព័ន្ធអនឡាញ។

ក្នុងកិច្ចជំនួបនេះដែរ លោករដ្ឋមន្រ្ដី បានជម្រាបឯកអគ្គរាជទូតអូស្ត្រាលី នូវកម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់កម្ពុជា Go4eCam ដែលក្រសួងពាណិជ្ជកម្មបានបង្កើតឡើង ដើម្បីជម្រុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ផងដែរ។ ជាមួយនេះដែរ លោករដ្ឋមន្រ្ដី បានជំរុញឱ្យសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់លើវិស័យពាណិជ្ជកម្ម និងវិនិយោគ៕


ព័ត៌មានទាក់ទង...