ព័ត៌មានអន្តរជាតិ

វិទ្យាស្ថាន RKI៖ វីរុសកូរ៉ូណាប្រភេទថ្មីប្រហែលជាកំពុងកើតមាននៅអាល្លឺម៉ង់

image

ប៊ែរឡាំង៖ ប្រធានវិទ្យាស្ថានសុខភាពសាធារណៈរបស់អាល្លឺម៉ង់ (RKI) បាននិយាយកាលពីថ្ងៃអង្គារថា វាមានភាគរយខ្ពស់ដែលថាវីរុសកូរ៉ូណាប្រភេទថ្មីដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសអង់គ្លេសនោះក៏កំពុងកើតមាននៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ។

លោក ឡតហា វីឡឺ (Lorthar Wieler) បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងប៊ែរឡាំងថា «យើងដឹងថាវីរុសកូរ៉ូណាដែលវិវឌ្ឍខ្លួនថ្មីនោះត្រូវបានគេរកឃើញដំបូងនៅអង់គ្លេសកាលពីខែកញ្ញា ហើយវាក៏ត្រូវបានគេរកឃើញនៅក្នុងប្រទេសហូឡង់និងដាណឺម៉ាករួចទៅហើយដែរដែលមានន័យថាវាអាចនឹងកំពុងកើតមាននៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ ប៉ុន្តែមិនទាន់រកឃើញ។»

លោក វីឡឺ បានអំពាវនាវឲ្យពលរដ្ឋអាល្លឺម៉ង់កាត់បន្ថយការជួបជុំគ្នា និងកុំធ្វើដំណើរនៅថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យណូអែលដើម្បីព្យាយាមកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

លោក វីឡឺ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ក៏ដូចជាអ្នកដែលបាត់បង់ជីវិតអាចនឹងថយចុះក្នុងរយៈពេលជាច្រើនសប្តាហ៍ទៀត។

លោកបានបន្ថែមថា វិធានការបិទប្រទេសយ៉ាងតឹងរ៉ឹងដែលត្រូវបានដាក់ចេញកាលពីពេលថ្មីៗនេះមិនអាចទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩បានឡើយដោយករណីឆ្លងថ្មីនៅតែបន្តកើនឡើង។

តួលេខផ្លូវការដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃអង្គារបានបង្ហាញថា អាល្លឺម៉ង់មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១៩,៥២៨នាក់បន្ថែមទៀតនិងមានអ្នកបាត់បង់ជីវិត៧៣១នាក់ដែលធ្វើឲ្យចំនួនឆ្លងសរុបកើនដល់ជាង១.៥៣លាននាក់និងចំនួនអ្នកស្លាប់មានជាង២៧,០០០នាក់៕

ប្រែសម្រួល៖ នីតា

ព័ត៌មានទាក់ទង...