ព័ត៌មានជាតិ

 មិនមានករណីឆ្លងកូវីដ១៩ថ្មីនោះទេ ខណៈអ្នកជំងឺចំនួន២នាក់ថែមទៀត បានជាសះស្បើយ 

image

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤​ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺចំនួន២នាក់ ថែមទៀត បានជាសះស្បើយ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា  អ្នកជំងឺទាំង២នាក់ ដែលព្យាបាលជាសះស្បើយនោះ រួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាភរិយាបុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ ធ្វើការនៅក្រសួងមហាផ្ទៃ ដោយជាសះស្បើយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។ ស្ត្រីរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

២៖ បុរសជនជាតិខ្មែរ-អាមេរិក អាយុ៥៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៥១នាក់ និងអ្នកជំងឺចំនួន ១២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សម្រាប់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» មានអ្នកឆ្លងសរុបចំនួន៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៣៣នាក់៕

ព័ត៌មានទាក់ទង...