ព័ត៌មានជាតិ

ទីបំផុត មេខ្លោងផ្ដើមគំនិតសម្លាប់ចៅអធិការវត្តចេតិយ៍ថ្មី នៅស្រុកពញាឮ ត្រូវបាននគរបាលចាប់ខ្លួនបានហើយ

image

អត្ថបទ៖ឃឹម វិសាល

កណ្ដាល៖ ករណីឃាតកម្មនៅស្រុកពញាឮ សម្លាប់ព្រះចៅអធិការវត្តចេតិយ៍ថ្មី ត្រូវបាននគរបាលខេត្តកណ្ដាលធ្វើការស្រាវជ្រាវវែកមុខចាប់ខ្លួនជនសង្ស័យជាមេខ្លោងបានហើយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។

មន្ត្រីនគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ឡៅ ទ្រី ហៅ ឃាង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររកស៊ីពុះដីឡូតិ៍លក់ មានទីលំនៅភូមិផ្សារដែក ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។

ចំណែកព្រះសង្ឃរងគ្រោះព្រះនាម ភោគ ធារិទ្ធ ហៅលោកតាតឿ ហៅ លោកតាតុប មានព្រះជន្ម ៥៣ព្រះវស្សា ជាចៅអធិការវត្តចេតិយ៍ថ្មី ត្រូវបានគេសម្លាប់កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅវត្តចេតិយ៍ថ្មី ក្នុងភូមិចេតិយ៍ថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ 

ក្រោមការដឹកនាំរបស់លោកស្នងការនគរបាលខេត្តកណ្តាល  និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្តាល ក្នុងរយៈពេល៧ថ្ងៃ សមត្ថកិច្ច ក៏ឈានដល់ការកំណត់បានមុខសញ្ញាមេខ្លោងផ្ដើមគំនិតជួលជនសង្ស័យឲ្យទៅធ្វើគតព្រះសង្ឃនោះ គឺឈ្មោះ ឡៅ ទ្រី ហៅ ឃាងនេះ យកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

នៅចំពោះមុខសមត្ថកិច្ច មេក្លោងផ្តើមគំនិតរូបនេះ បានសារភាព ថានៅថ្ងៃមិនចាំ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់ ឈ្មោះ ស្រេង ស្រ៊ុ ន បានទូរស័ព្ទមកជនសង្ស័យឈ្មោះ ឡៅ ទ្រី ហៅ ឃាង ណាត់ជួបគ្នានៅហាងម្លប់ស្វាយ ជិតផ្លូវចូលប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារហ្លួង។ ពេលជួបគ្នា ជនសង្ស័យបាននិយាយរឿងឈ្លោះគ្នាជាមួយចៅអធិការវត្តចេតិយ៍ថ្មី ហើយបានសួររកអ្នកស្មាត់ (អ្នកផ្តាច់ជីវិត)។ ពេលនោះ ឈ្មោះ ស្រេង ស្រ៊ុ ន ថារឿងហ្នឹងកុំភ័យឲ្យតែលុយមក ទើបឈ្មោះ ឡៅ ទ្រី ហៅ ឃាង សួរថាប៉ុន្មាន? ឈ្មោះ ស្រេង ស្រ៊ុន ឆ្លើយ ថា ៧,០០០ ដុល្លារ ហើយខ្លួន ( ឡៅ ទ្រី ) បានយល់ព្រម។ 

មេក្លោងផ្តើមគំនិតរូបនេះ សារភាពបន្តថា រំលងបានប្រហែល២០ថ្ងៃក្រោយមក វេលាម៉ោងប្រហែល ៤រសៀល ឈ្មោះ ស្រេង ស្រ៊ុ ន (ជនដៃដល់) បានទូរស័ព្ទហៅខ្លួនឲ្យទៅជួបនៅហាងម្លប់ត្នោត ដោយប្រាប់ថា ១០,០០០ ដុល្លារ ទើបបានធ្វើកើតព្រោះទាល់តែគ្នា៣នាក់បានធ្វើឈ្នះ។ ពេលនោះ ខ្លួន ក៏បានយល់ព្រមហើយបានប្រគល់លុយឲ្យមុន ៣,០០០ដុល្លារ រួចក៏បែកគ្នាចេញមកមុន។ លុះមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលា ម៉ោង៦ និង៤០នាទី ល្ងាច ឈ្មោះ ស្រេង ស្រ៊ុ ន បានទូរស័ព្ទមកប្រាប់ខ្លួនថា «ប្លង់រឹង»  ( ភាសាដាក់ម៉ូធ្វើសកម្មភាព ) ធ្វើរួចហើយខ្លួនក៏ថា ធ្វើរួចក៏រួចទៅ។

ប្រភពដដែលបានបន្តទៀតថា លុះដល់ម៉ោងប្រហែល១០យប់ថ្ងៃដដែល ឈ្មោះ ស្រេង ស្រ៊ុ ន ជាជនដៃដល់បានឆាតតាមTelegram ថា បានផ្តាច់ជីវិតចៅអធិការរួចហើយដោយរឹតក រួចលើកដាក់លើគ្រែគ្របភួយ ពេលនោះ ឈ្មោះ ស្រេង ស្រ៊ុ ន បានទារលុយពីខ្លួនបង្គ្រប់ តែខ្លួនថាចាំស្អែកទៅ។ លុះស្អែកឡើងវេលាម៉ោង១០ និង៣០នាទី ខ្លួន (ឡៅ ទ្រី មេក្លោងផ្តើមគំនិត) បានបើករថយន្តម៉ាកព្រុស យកលុយទៅឲ្យឈ្មោះ ស្រេង ស្រ៊ុ ន ជា ជនដៃដល់នៅជិតរោងចក្រស្រែចិន្តា។ ពេលទៅដល់ឃើញឈ្មោះ ស្រេង ស្រ៊ុ ន ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា អត់ផ្លាកលេខ ចាំនៅទីនោះ ហើយក៏ហុច លុយ ៧,០០០ដុល្លារតាមកញ្ចក់ឡានឲ្យទៅឈ្មោះ ស្រេង ស្រ៊ុ ន រួចហើយឈ្មោះ ស្រេង ស្រ៊ុ ន បានប្រាប់ថា ពេលប៉ូលិសសួរកុំឆ្លើយអ្វីទាំងអស់ និយាយតែមិនដឹងៗទៅប៉ូលីសមិនអាចធ្វើអ្វីកើតទេ និងឲ្យលុបលេខទូរស័ព្ទ និងរូបពាក់ពន្ធ័ទាំងអស់ចោល រួចក៏បែកគ្នាទៅ ។

តាមចម្លើយរបស់មេខ្លោងផ្តើមគំនិតរូបនេះ បន្តថា មូលហេតុដែលខ្លួន (ឡៅ ទ្រី ) បានរៀបចំផែនការធ្វើគតព្រះសង្ឃជាជនរងគ្រោះ ព្រោះបានយកផ្ទះ និងតូបផ្សារនៅផ្សារម៉ាន់អាំង រាជធានីភ្នំពេញ និងដី២ឡូតិ៍ នៅផ្សារត្រាចខេត្តកំពង់ឆ្នាំង ដោយបានយកលុយពីលោកចំនួន ១១,៥០០ ដុល្លារ ថាទៅសង់ផ្ទះតែមិនបានសង់ទេ ព្រមទាំងយកទ្រព្យសម្បត្តិរបស់លោក ( ចៅអធិការ) ដែលជនរងគ្រោះឲ្យខ្លួនឈរឈ្មោះជំនួសយកទៅលក់អស់ទៀតផង។ ហើយចុងក្រោយនេះខ្លួនបានលេចឮព័ត៌មានថា ព្រះចៅអធិការលោកជិតសឹកនៅដំណាច់ឆ្នាំនេះដើម្បីទៅកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិ និងផ្ទះសម្បែងទាំងអស់របស់លោកវិញ ទើបខ្លួនរៀបចំផែនការធ្វើគត ដើម្បី បំបិទមាត់ព្រះអង្គឲ្យបានសម្រេចនៅថ្ងៃទី១៩ ខែធ្នូតែម្ដងក្នុងគោលបំណងប្រមូល និងកាន់កាប់លុយកាក់ និងទ្រព្យសម្បត្តិរបស់ព្រះចៅអធិការទាំងអស់។ ក្រោយបញ្ចប់ការសួរយកចម្លើយសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យនៅស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដើម្បីបន្តតាមស្វែងបក្សពួកដែលជាជនដៃដល់បន្តទៀត៕

ព័ត៌មានទាក់ទង...