
ពលរដ្ឋក្រីក្រជាង២០០គ្រួសារក្នុងស្រុកអណ្តូងមាស ទទួលបានអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី

អត្ថបទ៖ ប៉េស សារី
រតនគិរី៖ ដើម្បីឆ្លើយតបតាមតម្រូវការជីវភាពរបស់ប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះជាជនចាស់ជរាជនពិការមានការខ្វះខាត នៅរលៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីរួមទាំងលោក លោកស្រីទាំងអនុប្រធានសមាជិក សមាជិកា អនុសាខាស្រុក និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនងាយរងគ្រោះ ចាស់ជរា ជនពិការនិងគ្រួសារក្រីក្រចំនួន២២៣គ្រួសារមកពីឃុំទាំង៣របស់ស្រុកអណ្តូងមាស។
ឆ្លៀតឱកាសនេះលោក ថង សាវុន បានធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ចូលមកក្នុងសហគមន៍ដោយអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺដ៏កាចសាហាវនេះ។ ហើយជាពិសេសសូមពុកម៉ែបងប្អូនត្រូវថែរក្សាសុខភាពឱ្យបានល្អ តាមរយៈរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ហើយក៏ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កបង្កើនផល ដំណាំរួមផ្សំផ្សេងៗ ដើម្បីឱ្យជីវភាពរស់នៅក្នុងគ្រួសារមានលក្ខណៈសមរម្យ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
សូមជម្រាបថា អំណោយដែលត្រូវចែកជូននាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូ ត្រីខ ១យួរ និងមី១កេស ហើយលោក ថង សាវុន ក៏បានប្រគល់ជែលសម្រាប់លាងដៃ និងម៉ាសជូនយុវជន ស.ស.យ.ក. ស្រុក និងអាជ្ញាធរស្រុកទុកប្រើប្រាស់ជាប្រយោជន៍សាធារណៈផង៕
