ព័ត៌មានជាតិ

កម្ពុជា នឹងផ្លាស់ប្តូរការផ្សាយទូរទស្សន៍ពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថលឱ្យបានមុនឆ្នាំ ២០២៣

image

អត្ថបទ៖ ចឹង ឆហួត

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងជំនាញពាក់ព័ន្ធ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំគោល-ការណ៍អនុញ្ញាត “បង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មី”  បានឲ្យដឹងថា អង្គប្រជុំបានថ្លឹងថ្លែងលើអត្ថប្រយោជន៍ និងបញ្ហាប្រឈមនៃជម្រើសនីមួយៗ និងបានឯកភាពថា កិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាធាតុផ្សំគន្លឹះ និងចាំបាច់ សម្រាប់ការអភិវឌ្ឍក្នុងវិស័យសោត-ទស្សន៍របស់កម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមានលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ក្រសួងទូរគមនាគមន៍ និងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការអភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធសោតទស្សន៍ ប្រកបដោយជោគជ័យ គឺជាកិច្ចការដ៏មានសារ-សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាទាំងមូល ដែលការណ៍នេះមិនត្រឹមតែអាចជួយជំរុញវិស័យសេដ្ឋកិច្ចឱ្យមានភាពរីកចម្រើន តាមរយៈការបង្កើនភាពប្រកួតប្រជែង ដែលទ្រទ្រង់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប និងការធ្វើពិពិធកម្មសេដ្ឋកិច្ចតែប៉ុណ្ណោះទេ ថែមទាំងអាចជួយលើកកម្ពស់យន្តការនៃការគ្រប់គ្រងទិន្នន័យ និងប្រព័ន្ធឃោសនាការក្នុងប្រទេស ក្នុងន័យធានាបាននូវសន្តិសុខជាតិ និងសុវត្ថិភាពសង្គម-សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។

ស្របតាមបរិបទនៃការវិវឌ្ឍជាក់ស្តែងនៃឌីជីថលូបនីយកម្មរបស់កម្ពុជា កិច្ចប្រជុំនេះ មានគោលបំណងប្រមូលធាតុចូលបន្ថែម និងផ្លាស់ប្តូរទស្សនទាន ដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន, វឌ្ឍនភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្លាស់ប្តូរការផ្សាយទូរទស្សន៍ ពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថល។ អង្គប្រជុំ ក៏បានពិភាក្សាពីការគ្រប់គ្រង និងការប្រើប្រាស់នូវបន្ទារហ្វ្រេកង់ស៍ ៧០០MHz ដែលមានភាពបន្ស៊ីគ្នាទៅនឹងការបង្កើតថ្នាលទូរទស្សន៍ឌីជីថលថ្មីផងដែរ។ 

កិច្ចប្រជុំ បានពិភាក្សាលើចំណុចសំខាន់ៗចំនួន ០៤ រួមមាន ១. ការអនុវត្តផែនការផ្លាស់ប្តូរការផ្សាយទូរទស្សន៍ពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថលឱ្យបានមុនឆ្នាំ ២០២៣, ២. ការគ្រប់គ្រងនូវការប្រើប្រាស់បន្ទារហ្វ្រេកង់ស៍ ៧០០MHz ក្នុងវិស័យសោតទស្សន៍ រួមមានទូរទស្សន៍ឌីជីថល, ប្រព័ន្ធអ៊ីនធើណេត និងទូរស័ព្ទចល័ត, ៣. យន្តការគ្រប់គ្រង និងវិនិយោគ លើថ្នាលទូរទស្សន៍ឌីជីថលថ្មី និង ៤. ការធ្វើបច្ចុប្បន្នកម្មលើវឌ្ឍនភាពពាក់ព័ន្ធនឹងការរៀបចំ និងការគ្រប់គ្រងហេដ្ឋា-រចនាសម្ព័ន្ធប្រព័ន្ធឌីជីថលក្នុង រយៈពេលមធ្យម និងវែង ក៏ដូចជាពិភាក្សាពីលទ្ធភាពនៃការបង្កើតគំរូពាណិជ្ជកម្មសម្រាប់ ការវិនិយោគ ក្នុងវិស័យពាក់ព័ន្ធនឹងប្រព័ន្ធឌីជីថល ។ 

សូមបញ្ជាក់ថា ការប្រែក្លាយឆ្ពោះទៅរកសេដ្ឋកិច្ចផ្នែកឌីជីថលស្របពេលការរីកចម្រើននៃបដិវឌ្ឍឧស្សាហកម្មទី៤ (ឧស្សាហកម្ម ៤.០) អាចនឹងក្លាយជាក្បាលម៉ាស៊ីនថ្មីមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដើម្បីសម្រេចបានផែនការប្រែក្លាយកម្ពុជា ជាប្រទេសចំណូលខ្ពស់នាពេលខាងមុខ។ 

ការផ្តោតលើកម្រិតជឿនលឿនផ្នែកបច្ចេកវិទ្យា នវានុវត្តន៍ និងគុណភាពអប់រំ បានកើនឡើងក្នុងដំណាក់កាលជាបន្តបន្ទាប់នៃយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាល។ សកម្មភាពសំខាន់ៗ មកទល់សព្វថ្ងៃ រួមមានការកសាងផែនការមេនៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) កម្ពុជាឆ្នាំ២០២០ ការតាក់តែងផែនការមេនៃរដ្ឋាភិបាលអេឡិចត្រូនិកកម្ពុជា, ការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ និងការលើកកម្ពស់ក្របខ័ណ្ឌច្បាស់សម្រាប់ប្រព័ន្ធអេកូឌីជីថល៕

ព័ត៌មានទាក់ទង...