ព័ត៌មានអន្តរជាតិ

បង់ក្លាដែសបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្រុមទី២ទៅកាន់កោះដាច់ស្រយាលមួយ

image

ដាកា៖ ប្រទេសបង់ក្លាដែសបានចាប់ផ្តើមបញ្ជូនជនភៀសខ្លួនមូស្លីមរ៉ូហ៊ីងយ៉ាក្រុមទី២ទៅកាន់កោះដាច់ស្រយាលមួយនៅឈូងសមុទ្របេងហ្គាល់នៅថ្ងៃអង្គារនេះ បើទោះបីជាក្រុមសិទ្ធិមនុស្សបានបង្ហាញការព្រួយបារម្ភថាទីតាំងថ្មីនោះងាយនឹងរងគ្រោះដោយសារទឹកជំនន់យ៉ាងណាក៏ដោយ។

អង្គការសហប្រជាជាតិបាននិយាយថាខ្លួនមិនមានជាប់ពាក់ព័ន្ធក្នុងដំណើរការផ្លាស់ប្តូរទីតាំងនោះទេ ប៉ុន្តែបានអំពាវនាវឲ្យរដ្ឋាភិបាលបង់ក្លាដែសធានាថាការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៅកាន់កោះបាសាន ចា (Bhasan Char) នោះត្រូវបានធ្វើឡើងដោយគ្មានការបង្ខិតបង្ខំ។

កងទ័ពជើងទឹកបង់ក្លាដែសបាននិយាយថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន១,៨០៤នាក់ត្រូវបានដឹកជញ្ជូនតាមកប៉ាល់ចំនួន៧ទៅកាន់ជំរំនៅកោះ បាសាន ចា (Bhasan Char) ដែលបានលេចឡើងពីផ្ទៃសមុទ្រកាលពី២០ឆ្នាំមុន។

កាលពីដើមខែនេះ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង១,៦០០នាក់ផ្សេងទៀតក៏ត្រូវបានបញ្ជូនចេញពីជំរំដែលស្ថិតនៅក្បែរព្រំដែនប្រទេសមីយ៉ាន់ម៉ាទៅកាន់កោះនោះផងដែរ។

រដ្ឋាភិបាលបង់ក្លាដែសបាននិយាយថា ដំណើរការផ្លាស់ប្តូរទីតាំងជនភៀសខ្លួនទាំងនោះត្រូវបានធ្វើឡើងដោយស្ម័គ្រចិត្ត ប៉ុន្តែជនភៀសខ្លួនមួយចំនួនបាននិយាយថាពួកគេត្រូវបានបង្ខំឲ្យទៅ៕

ប្រែសម្រួល៖ នីតា

ព័ត៌មានទាក់ទង...