ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ណែនាំដល់មន្ត្រីឱ្យខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន 

image

ភ្នំពេញ៖ ការផ្តល់សេវាល្អ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាភារកិច្ចរបស់មន្ត្រីសាធារណៈដែលត្រូវបម្រើប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យមន្រ្តីបម្រើរាស្ត្រដោយស្មោះត្រង់ និងឆ្លើយតបនឹងតម្រូវការចាំបាច់។ នេះជាការលើកឡើងដោយ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅខណ្ឌចំការមន នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។

ជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ រាប់តាំងពីមន្រ្តីរដ្ឋបាលខណ្ឌ សង្កាត់ត្រូវបន្តយកចិត្តទុកដាក់ ចុះបំពេញតួនាទីភារកិច្ច និងចុះសួរសុខទុកប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងឭ និងរកយន្តការដោះស្រាយជូននោះ ត្រូវបង្កើតឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា។

ទន្ទឹមនឹងនោះ លោក ប៉ា សុជាតិវង្ស បានចាត់ទុកថា ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនានារបស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឱ្យរដ្ឋបាលសាធារណៈ។

សូមបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្ដង សម្រាប់មួយខណ្ឌៗ ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញ បានបើកវេទិកានេះបានចំនួន ១៣ខណ្ឌរួចមកហើយ។ ដូច្នេះ រាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ នឹងត្រូវបានដោះស្រាយជូនជាបន្តបន្ទាប់ សម្រាប់ឆ្នាំ២០២០។

កត់សម្គាល់ថា នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅក្នុងខណ្ឌចំការមននោះដែរ ប្រជាពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរបន្តជួយដោះស្រាយបញ្ហាផ្លូវសំបុកមាន់នៅតាមសង្កាត់មួយចំនួន បញ្ហាប្រព័ន្ធលូ ការកាត់បណ្តាញអគ្គិសនីដែលមិនរៀបរយតាមដងផ្លូវ កាត់លះមែកឈើ ស្តារប្រឡាយ បឹងត្របែកឱ្យចរន្តទឹកហូរទៅស្ថានីយបានលឿន និងស្នើសុំបង្គោលភ្លើងជាដើម៕ 

ដោយ៖ ម៉ៅ នរិទ្ទិយ៉ា