ព័ត៌មានអន្តរជាតិ

តួកគីទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឈុតដំបូងពីប្រទេសចិន

image

អង់ការ៉ា៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនឱសថ ស៊ីណូវ៉ាក់ បាយអូថិច (Sinovac Biotech) ឈុតដំបូងត្រូវបានដឹកជញ្ជូនទៅដល់រដ្ឋធានីអង់ការ៉ានៃប្រទេសតួកគីកាលពីថ្ងៃពុធ ខណៈដែលរដ្ឋមន្ត្រីសុខាភិបាលតួកគីបានប្រកាសថានឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងនោះរយៈពេល១៤ថ្ងៃ។

លោក ហ្វារ៉េតទីន កូចា (Fahrettin Koca) បាននិយាយថា យុទ្ធនាការចាក់វ៉ាក់សាំងនឹងចាប់ផ្តើម នៅពេលដែលការសាកល្បងត្រូវបានបញ្ចប់។

លោក កូចា (Koca) បាននិយាយថាប្រទេសតួកគីបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinovac) ដើម្បីទិញវ៉ាក់សាំងប្រហែល៦០លានដូស។

ប្រទេសតួកគីមានផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ក្រុមមនុស្សដែលមានហានិភ័យឆ្លងខ្ពស់ដូចជាបុគ្គលិកសុខាភិបាលនៅដំណាក់កាលដំបូង ហើយលោក កូចា (Koca) បាននិយាយថាលោកនឹងស្ថិតក្នុងចំណោមអ្នកដែលចាក់វ៉ាក់សាំងនោះមុនគេ។

លោក កូចា បានប្រកាសកាលពីថ្ងៃទី២៤ ខែធ្នូថា ការសាកល្បងវ៉ាក់សាំង កូរ៉ូណាវ៉ាក់ (CoronaVac) ដែលត្រូវបានផលិតដោយក្រុមហ៊ុនឱសថ ស៊ីណូវ៉ាក់ (Sinovac) នៅក្នុងដំណាក់កាលទី៣នៅក្នុងប្រទេសតួកគីបានបង្ហាញថាវាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ១៩ដល់៩១.២៥%។

យោងតាមទិន្នន័យដែលត្រូវបានចេញផ្សាយដោយក្រសួងសុខាភិបាល, បច្ចុប្បន្នតួកគីមានអ្នកឆ្លងជំងឺកូវីដ១៩សរុបជាង២,១លាននាក់និងមានអ្នកបាត់បង់ជីវិតសរុបជាង២ម៉ឺននាក់៕

ប្រែសម្រួល៖ នីតា