
ចិនរាយការណ៍ពីករណីឆ្លងដំបូងនៃវីរុសកូរ៉ូណាប្រភេទថ្មី

ប៉េកាំង៖ យោងតាមការចេញផ្សាយរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង ប្រទេសចិនបានរកឃើញករណីឆ្លងដំបូងនៃវីរុសកូរ៉ូណាប្រភេទថ្មីដែលកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអង់គ្លេស។
ប្រទេសជាច្រើននៅជុំវិញពិភពលោកបានកាត់ផ្តាច់ការធ្វើដំណើរទាំងទៅនិងមកពីប្រទេសអង់គ្លេសដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មីនោះដែលក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាវាសមត្ថភាពចម្លងលឿនជាងវីរុសកូវីដ១៩បច្ចុប្បន្នរហូតដល់ទៅជាង៧០%។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់ចិនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា និស្សិតស្រីវ័យ២៣ឆ្នាំម្នាក់បានត្រឡប់ពីប្រទេសអង់គ្លេសមកដល់ទីក្រុងសៀងហៃកាលពីថ្ងៃទី១៤ ខែធ្នូ ហើយបានរកឃើញវីរុសកូរ៉ូណាប្រភេទថ្មីនៅក្នុងសំណាកឈាមនៅថ្ងៃទី២៤។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងបានបន្តថា ករណីនេះបានបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩នៅក្នុងប្រទេសចិន។
សូមរម្លឹកថា កាលពីសប្តាហ៍មុនក្រសួងការបរទេសចិនក៏បានប្រកាសផ្អាកជើងហោះហើរទាំង ទៅនិងមកពីប្រទេសអង់គ្លេសផងដែរ៕
ប្រែសម្រួល៖ នីតា
