ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលខេត្តកណ្ដាល កំពុងឡោមព័ទ្ធជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបានយកកាំភ្លើងបាញ់គំរាមសមត្ថកិច្ច ៧គ្រាប់ ក្នុងប៉ុស្តិ៍ដើម្បីរំដោះខ្លួន

image

អត្ថបទ៖ ឃឹម វិសាល  

ខេត្តកណ្ដាល៖ ក្នុងខណៈពេលនេះ សមត្ថកិច្ចនគរបាលខេត្តកណ្តាល កំពុងឡោមព័ទ្ធជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបានយកកាំភ្លើងបាញ់គំរាមសមត្ថកិច្ច ៧គ្រាប់ ក្នុងប៉ុស្តិ៍។

ជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ  ពៅ ហុង អាយុ ២៦ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ អ្នកបើកបររថយន្តដឹកទំនិញឲ្យក្រុមហ៊ុន។ ជននេះ បានបើករថយន្តដឹកទំនិញ បុកបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈកាលពេលរសៀលថ្ងៃនេះ និងត្រូវបានឃាត់ខ្លួនដោយនគរបាលប៉ុស្តិ៍សំពៅពូន ស្រុកកោះធំ ដើម្បីដោះស្រាយសងបំណុលការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

ការបាញ់ចេញពីបន្ទប់ប៉ុស្តិ៍នគរបាលសំពៅពូន ស្រុកកោះធំ គឺបន្ទាប់ពីជនបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានសាកសួររួចរាល់ ហើយជនបង្ក បានរត់ចូលក្នុងបន្ទប់ប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន រួចទាញកាំភ្លើងអាកាបាញ់ចំនួន ៧គ្រាប់ឡើងលើ ដើម្បីគំរាមសមត្ថកិច្ច។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ន លោកកំពុងដឹកនាំកម្លាំងឡោមព័ទ្ធ និងមិនឱ្យមានការផ្ទុះអាវុធ ដោយប្រើវិធាន ក្នុងការលួងលោមជនបង្កឲ្យទម្លាក់អាវុធ និងប្រគល់ខ្លួនឲ្យសមត្ថកិច្ចដោយមានការសហការជាមួយម្តាយជនរងគ្រោះ និងម្ចាស់ក្រុមហ៊ុន៕