ព័ត៌មានជាតិ

មនុស្សចំនួន ២៦២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ក្នុងឆ្នាំ២០២០ នៅខេត្តកំពង់ឆ្នាំង

image

អត្ថបទ៖ ហឹង ចូច   

កំពង់ឆ្នាំង៖ នៅក្នុងរយៈពេលមួយឆ្នាំ២០២០ កន្លងទៅនេះកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ១៥១ករណី ឃាត់ខ្លួនមនុស្សចំនួន ២៦២នាក់។

នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោកវរសេនីយ៍ឯក ហ៊ុល វាសនា ដែលស្នងការរង ទទួលបន្ទុក ផែនប្រឆាំងបទល្មើសគ្រឿងញៀន។

លោកស្នងការរងបានឲ្យដឹងថា បទល្មើសគ្រឿងញៀន នៅក្នុងខេត្តកំពង់ឆ្នាំង មិនមានជាលក្ខណ:ទ្រង់ទ្រាយធំឡើយ។ ប៉ុន្តសមត្ថមិច្ចក៏មិនព្រងើយកន្តើយដែរដោយបានចុះស្រាវជ្រាវ និងធ្វើការបង្ល្រាបជាបន្តបន្ទាប់ផងដែរ។  

លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន១៥១ករណី ឃាត់ខ្លួនមនុស្ស ចំនួន២៦២នាក់ ស្រីចំនួន១៧នាក់ ក្នុងបទល្មើសជួញដូរ រក្សាទុក ផ្តល់ទីតាំង ប្រើប្រាស់មិនរៀងចាល និង បើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន។

ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទម៉ាកទឹកកកចំនួន ៥៣៣កញ្ចប់ ទម្ងន់៨៤១,៦២ក្រាមថ្នាំគ្រាប់ប្រភេទWY ចំនួនឡគ្រាប់ ទម្ងន់ ៩,៣៤ក្រាម កញ្ឆាក្រៀមចំនួន ២កញ្ចប់ ទម្ងន់ ២៦,៨៥ក្រាម គ្រាប់កញ្ឆា១កញ្ចប់ទម្ងន់ ៤,01ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ១២គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត។

លោកស្នងការរង បានឲ្យដឹងទៀតថា ក្រៅពីការបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់នោះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជូនអ្នកពាក់ព័ន្ធមួយចំនួនទៀតទៅមជ្ឈមណ្ឌលអប់រំកែប្រែ និងស្តានិតិសម្បទាចំនួន ៨នាក់ និងបញ្ជូនទៅព្យាបាលបន្សាបផ្តាច់សារធាតុញៀនចំនួន ៤៨នាក់។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន និងបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកស្នងការរង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើស និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ចផងដែរ៕

ព័ត៌មានទាក់ទង...