ពិធី​ចូល​​ព្រះវស្សា​​ជា​ច្បាប់​មួយ​របស់​​ព្រះ​ពុទ្ធ​តម្រូវ​ឱ្យ​​ព្រះ​សង្ឃ​​គ្រប់​អង្គ​ដែល​ប្រតិ​បត្តិ​សាសនា ត្រូវតែអនុវត្តន៍
| ព័ត៌មានជាតិ
SHARE

(ខេត្តកំពង់ស្ពឺ) កាលដូចនេះហើយទើបមានពិធីហែប្រគេនទៀនវស្សា ស្បៀងនិងគ្រឿងរណ្តាប់ត្រៀមលក្ខណ:នៅក្នុងរដូវចូលព្រះវស្សា ត្រូវបានប្រារព្វតាមលំអានជារៀងរាល់ឆ្នាំ សម្រាប់ពុទ្ធសាសនិកទូទាំងព្រះរាជាណាចក្រកម្ពុជា ។

សម្រាប់ឆ្នាំនេះនៅខេត្តកំពង់ស្ពឺ ត្រូវបានប្រារព្វឡើងទ្រង់ទ្រាយធំមិនធ្លាប់មាននៅវត្តម្រុំខាងជើង ស្ថិតនៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំនិងចំណាយថវិការដោយលោកជំទាវ ឧកញ៉ា បណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ។

លោកជំទាវ ឧកញ៉ា បណ្ឌិត សៀង ចាន់ហេង ដែលជាពុទ្ធសាសនិកមួយរូបចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យពុទ្ធចក្រ បានអោយដឹងថា ពិធី​ចូល​​ព្រះវស្សា​​ជា​ច្បាប់​មួយ​ផង​ដែរ របស់​​ព្រះ​ពុទ្ធ​តម្រូវ​ឱ្យ​​ព្រះ​សង្ឃ​​គ្រប់​អង្គ​ដែល​ប្រតិ​បត្តិ​សាសនា​ទ្រង់​ត្រូវ​គង់​ចាំ​ព្រះវស្សា​នៅ​ក្នុង​វត្ត​នីមួយៗ​រយៈ​ពេល​៣​ខែ​ទៅ​តាម​​​ពុទ្ធប្បញ្ញត្តិ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​នៃ​យើង និង​បានកំណត់​យក​ថ្ងៃ​១​រោច ខែ​អាសាឍ​តទៅ (២៨ កក្កដា ២០១៨) ។

​លោកជំទាវ ឧកញ៉ា បណ្ឌិត សៀង ចាន់ហេង បានអោយដឹងទៀតថា ​ទាក់​ទង​ជា​មួយ​ពិធី​ចូល​ព្រះ​វស្សា និង​អត្ថ​ន័យ បែបសង្ខេប​ថា កាល​ពីជំនាន់​​ព្រះ​សម្មា​សម្ពុទ្ធ​​គង់​នៅ​ មាន​ភិក្ខុ​​សាមណេរ​ជា​ច្រើន​​អង្គ​បាន​ចេញ​​ទៅ​ធ្វើ​ធុតង្គ (អង្គ​របស់​​ធម៌​ជា​គ្រឿង​កម្ចាត់​​នូវ​កិលេស) នៅ​​តាម​ព្រៃភ្នំ​ឆ្ងាយៗ​ លុះ​ជិត​ដល់​ពេល​ចូល​ព្រះ​វស្សា ​ព្រះភិក្ខុ និង​សាមណេរ​​ជា​ច្រើន​​អង្គនោះ​មាន​បំណង​វិល​មក​​វត្ត ដើម្បី​ចូលរួម​ពិធីចូល​ព្រះវស្សា​ឱ្យ​ទាន់​ពេល​នៅ​កន្លែង​ព្រះអង្គ​វិញ ​តែ​នៅ​តាម​ផ្លូវ​ធ្វើដំណើរ​មាន​ភ្លៀង​​ធ្លាក់​ជោក​ជាំ​​ស្ទើរ​​​តែ​រាល់​ថ្ងៃ​ ជា​ហេតុ​ពិបាក​ក្នុងការ​វិល​​មក​វិញ​ឱ្យ​ទាន់​ពេល ធ្វើ​ឱ្យ​​ព្រះភិក្ខុ​​ និង​សាមណេរ​​​អាក់​ខាន​ចូល​ព្រះវស្សា​​នៅ​ពាក់កណ្តាល​​ផ្លូវ ។

បន្ទាប់​ពី​ការ​គង់​ចាំ​ព្រះ​​វស្សា​រយៈ​ពេល​៣​ខែ​​ផុត​ទៅ ព្រះ​ភិក្ខុ និងសាមណេរ​បាន​ធ្វើដំណើរ​​​​ទៅ​ដល់​កន្លែង​ព្រះសម្មា​សម្ពុទ្ធ​គង់​នៅ​ ពេល​នោះ​​ព្រះ​ពុទ្ធ​បាន​​ទូល​សួរ​ទៅភិក្ខុ​​សាមណេរ​​ទាំង​អស់​ថា «ភិក្ខុ​​សាមណេរ​មានសេច​ក្តី​សុខ​ទុក្ខ​យ៉ាងណា​នៅពេល​ចាំ​វស្សា​​នៅ​​ពាក់​កណ្តាល​ផ្លូវបែប​នេះ?» ភិក្ខុ​​សាមណេរ​ក៏​បាន​ទូល​​ប្រាប់​ព្រះពុទ្ធ​ថា សេចក្តី​សុខទុក្ខ​ជា​ធម្មតា​ទេ តែ​មាន​ការ​លំបាក​ដោយ​​មានភ្លៀង​ធ្លាក់​ជោក​ជាំ​ធ្វើ​ឱ្យ​ស្បង់​​ចីវរ​​ទទឹក ឬ​ប្រឡាក់​ ។ នេះ​ជា​បញ្ហា​មួយ​ដែល​នាំ​​ផល​វិបាក​​ដល់​​ភិក្ខុ​សាមណេរ ហើយ​ចំណេរ​ចីរ​កាល​មក​ក៏​មាន​​ត្រណម​មិន​​ឱ្យ​ព្រះសង្ឃ​​និមន្ត​ចេញ​ក្រៅ​វត្ត​ដោយ​គ្មាន​ភារ​កិច្ច​ចាំបាច់ ។

ដោយ​មាន​តំណាល​បែប​នេះ នៅ​ពេល​ដល់​ចូល​ព្រះវស្សា (គង់​ចាំ​វស្សា​ក្នុង​វត្ត) រយៈ​ពេល​៣​ខែ ​ភិក្ខុ​សាមណេរ​គង់​ក្នុង​វត្ត​សិក្សា​រៀន​សូត្រ​ពីព្រះធម៌ និង​ព្រះ​វិន័យ​ឱ្យ​បាន​​ល្អ ពីព្រោះ​រដូវ​នេះមាន​ភ្លៀង​ធ្លាក់​ធ្វើ​ឱ្យ​ព្រះសង្ឃ​ពិបាក​ក្នុង​ការ​និមន្ត​ដើរ​បិណ្ឌ​បាត រីឯ​ប្រជាកសិ​ករ​ពួកគាត់​ក៏​មាន​ការ​រវល់​ក្នុង​​ការ​ធ្វើ​ស្រែ​ចំការ​ផង​ដែរ។ លុះ​ពេល​ចេញ​វស្សា​ប្រជា​ពល​រដ្ឋ​​ទូទាំង​ប្រទេស​តែង​ធ្វើបុណ្យ​​កឋិន​ដង្ហែ​​ទៅ​វត្ត​​ប្រគេន​ទេយ្យ​ទាន ទេយ្យ​វត្ថុ ស្បង់​ចីវរ​ដល់​ភិក្ខុ​​សាមណេរ​ក្នុង​វត្ត​នានា ។

ក្នុង​ការ​ចូល​ព្រះ​វស្សា​ ឬគង់​ចាំ​វស្សា​នេះ​ផង​ដែរ ព្រះ​​សង្ឃ​គ្រប់​អង្គ​អាច​និមន្ត​ចេញ​ទៅ​ក្រៅ​​បាន​ លុះ​ត្រា​តែ​មាន​ពិធី ហើយ​ពិធី​នោះ​ត្រូវ​គោរពតាម​​កិច្ច​របស់​វិន័យ​ ទី១-ត្រូវមាន​ការ​និមន្ត​របស់​អ្នក​ណា​ម្នាក់ ទី២-​ឪពុក​ម្តាយ​ឈឺ ទី៣-គ្រូ​ឧបជ្ឈា​របស់​យើង​ឈឺ ទី៤-ខ្លួន​ឯង​មាន​ជំងឺ ទី៥-​ផ្នែក​រដ្ឋត្រូវ​ការ​​យើង (បញ្ជូន​យើង​ទៅ​បំពេញ​បេសក​កម្ម​អ្វី​មួយ) តែ​មិន​ឱ្យ​​លើស​​ពី​៦​ថ្ងៃឡើយ​ត្រូវ​​វិល​ត្រឡប់​មក​​កាន់​វត្ត​វិញ ហើយ​បើ​វិល​ត្រឡប់​មិន​ទាន់​ពេល​ទេ នឹងមាន​ទោស (មាន​អាបត្តិ) ក្នុងការ​គង់​ចាំវស្សា ​​និង​មិន​អាច​ទទួល​អានិសង្ឃ​​​កឋិនទាន​​ដែល​ទាយក​​ទាយិកា​​ប្រគេន​ដល់​​ព្រះសង្ឃ​​នៅ​រដូវ​ធ្វើ​បុណ្យ​កឋិន​ទាន​បាន​ឡើយ ៕

អត្ថបទ ៖ សុភា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation