ព័ត៌មានជាតិ

ជនដែលយកកាំភ្លើងវាយក្បាលសន្តិសុខបែករបួសធ្ងន់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល

image

កណ្តាល៖ បុរសដែលបានយកកាំភ្លើងវាយក្បាលសន្តិសុខម្នាក់បណ្តាលឱ្យបែករបួសធ្ងន់នោះ ត្រូវបានអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ចាប់យកទៅឃុំខ្លួនហើយនៅល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដោយចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លី)។ នេះបើយោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងភ្លាម ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល, លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ចាត់កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេីក ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវស៊េីបអង្កេត បានរកឃើញថា ករណីនោះជាបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លី) ហើយករណីនោះ បានកើតឡើងនៅវេលាម៉ោង ១២:៣០នាទី នៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ច្រឹក ស៊ីណា ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ហេង គាហុង ភេទប្រុសអាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកមន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង (គ្លីនិចឯកជន) នៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល និងជាជាយោធាផងដែរ។ ក្នុងករណីហិង្សាដោយអាវុធនោះ បណ្តាលឱ្យជនរងគ្រោះជាសន្តិសុខរបួសបែកក្បាលផ្នែកខាងឆ្វេង លេីត្រចៀក ១កន្លែង ដេរចំនួន ៣ថ្នេរ ដោយសារជនសង្ស័យវាយនឹងអាវុធខ្លីមួយដើមម៉ាក CF98 លេខ006009 មានបង់ចំនួនមួយ និងគ្រាប់ចំនួនមួយ។

សមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៨:០០នាទី ជនរងគ្រោះបានទៅយាមជំនួសគេមួយយប់នៅគ្លីនិច សុខ ម៉េង (កន្លែងកើតហេតុ)។ នៅពេលយាម ម៉ោងប្រហែល ៥ទៀបភ្លឺ ក៏មានមនុស្សប្រុសម្នាក់មកសួរជនរងគ្រោះថា ពូសន្តិសុខយាមនៅហ្នឹងរាល់ថ្ងៃទៅណាហើយ ជនរងគ្រោះឆ្លើយថា គាត់សម្រាកមួយថ្ងៃហើយ ដោយខ្ញុំយាមជំនួសវិញ ពេលនោះមនុស្សប្រុសម្នាក់នោះ បានខ្ចីលុយពីជនរងគ្រោះចំនួន ៣,០០០រៀល ជនរងគ្រោះក៏ឱ្យលុយខ្ចីចំនួនបីពាន់រៀល ហើយមនុស្សប្រុសនោះ ក៏ដើរចេញទៅវិញដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ។ លុះដល់ម៉ោង ៦ព្រឹក ទើបជនរងគ្រោះចេញទៅផ្ទះវិញទៅ។

រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹក ជនសង្ស័យ បានបាត់ស្បែកជេីងស៊កស្បែកចំនួន ១គូ ដែលដោះទុកនៅមាត់ទ្វារចូលគ្លីនិចរបស់ខ្លួនធ្វើការ ដោយជនសង្ស័យគិតថា បងប្អូនអ្នកជំងឺយកពាក់សិនទើបមិនរក។  រហូតដល់ម៉ោង ៨យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មិនឃើញស្បែកជើងទៀត ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញបុរសម្នាក់បានឈរនិយាយជាមួយជនរងគ្រោះ និងហុចលុយឱ្យជនរងគ្រោះ ហើយបុរសនោះបានពាក់ស្បែកជើងរបស់ជនសង្ស័យដើរចេញទៅ។ បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាពហើយ ជនសង្ស័យបានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខ ដើម្បីហៅជនរងគ្រោះមកជជែកគ្នាឱ្យដឹងសាច់រឿង។

រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក ជនសង្ស័យបានណាត់ជាមួយក្រុមហ៊ុនសន្តិសុខ ឱ្យនាំជនរងគ្រោះមកជជែកគ្នានៅក្នុងគ្លីនិច តែមិនឃើញមកសោះ ទើបជនសង្ស័យខឹង ក៏ជិះឡានទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័ន រាជធានីភ្នំពេញវិញទៅ។ រហូតដល់ម៉ោង១២រសៀល ទើបក្រុមហ៊ុនសន្តិសុខទៅដល់គ្លីនិច មិនឃើញជនសង្ស័យ ក៏ហៅទូរស័ព្ទទៅជនសង្ស័យមកជជែកគ្នាវិញ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យទៅដល់គ្លីនិច ឃើញជនរងគ្រោះឈរនៅមុខ ហើយក៏យកកាំភ្លើងខ្លីពីចង្កេះខោមកវាយទៅលើជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេងបណ្តាលឱ្យដួល ហើយជនសង្ស័យ ក៏ដើរចូលក្នុងគ្លីនិចបាត់ទៅ។ ចំណែកជនរងគ្រោះត្រូវបានបុគ្គលិកពេទ្យយកទៅលាងរបួស និងដេរចំនួន៣ថ្នេរ។ បន្ទាប់មកជនរងគ្រោះបានទូរស័ព្ទរាយការណ៍ឱ្យសមត្ថកិច្ច ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងដើម្បីសាកសួរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែន ដោយសារខឹងជួលឱ្យមកយាម បែរជាត្រូវគ្នាជាមួយចោរទៅវិញ។ ក្នុងករណីនោះ សមត្ថកិច្ចក៏បានឆែកកាមេរ៉ាសុវត្ថិភាពផងដែរឃើញថា មានមនុស្សប្រុសម្នាក់បានមកហុចលុយឱ្យជនរងគ្រោះ។ ទោះជាយ៉ាងនេះក៏ដោយ បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការតាមច្បាប់៕