សម្តេចតេជោ ៖ សូមមើលឃើញអ្វី សង្កេតឃើញអ្វី សូមនិយាយពីនោះ​ ដើម្បីឆ្លុះបញ្ចាំងការពិតអំពីស្ថានភាព នៃការបោះឆ្នោតរបស់កម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ បានអនុញ្ញាតឲ្យប្រតិភូ អ្នកសង្កេតការណ៍បោះឆ្នោត ចំនួន៥ក្រុម ចូលជួបសម្តែងការគួរសម នាវិមានសន្តិភាព។

បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ បានប្រាប់ឲ្យដឹងថា ប្រតិភូទាំង៥នោះ រួមមាន ១.ប្រតិភូអ្នកសង្កេតការណ៍ចិន ដឹកនាំដោយលោក ឌីង វីនចៅ (Ding Winchao) អគ្គនាយកគណបក្សកុម្មុយនីស្តចិន, ទី២.ប្រតិភូឥណ្ឌូនេស៊ី មកពីគណបក្សគោលការណ៍ និងសមាគមអ៊ីស្លាមទាំងអស់ នៃប្រទេសឥណ្ឌូនេស៊ី ដឹកនាំដោយលោក អាគង់ ឡាក់សូណូ (Agung Laksono) ជាប្រធានអង្គការ CAPDI, ទី៣.ប្រតិភូមកពីអង្គការ ICAPP ដឹកនាំដោយឯកឧត្តម Jose De Venecia ជាអតីតប្រធានសភាហ្វីលីពីន, ទី៤.ប្រតិភូ មកពីអង្គការ CDI ដឹកនាំដោយលោក Adres Pastrana និងទី៥. ប្រតិភូអនុប្រធានគណៈកម្មាធិការ កិច្ចការបរទេសសភាឌូម៉ារុស្ស៊ី ដឹកនាំដោយលោក Alexey Casilievich។

ក្នុងជំនួបនោះ សម្តេចតេជោ បានធ្វើការស្វាគមន៍ និងជម្រាបជូនប្រតិភូទាំងមូលថា អ្វីដែលជាការចង់បានរបស់កម្ពុជានោះ គឺប្រតិភូទាំងអស់ មើលឃើញអ្វី សង្កេតឃើញអ្វី សូមនិយាយពីនោះតែម្តង ដើម្បីឆ្លុះបញ្ចាំងការពិតអំពីស្ថានភាព នៃការបោះឆ្នោតរបស់កម្ពុជា នាថ្ងៃស្អែកនេះ។ នាថ្ងៃនេះផងដែរ សម្តេចក៏បានទទួលជួបអ្នកសង្កេតការណ៍ ចំនួនប្រមាណ២០០នាក់ ក្នុងនោះមានតំណាងមកពីប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី រុស្ស៊ី និងបណ្តាប្រទេសផ្សេងៗទៀត។

នៅក្នុងឱកាសនោះ សម្តេចបានជម្រាបជូន ប្រតិភូអ្នកសង្កេតការណ៍ទាំងអស់ អំពីដំណើរការការបោះឆ្នោត នៅកម្ពុជា ដែលស្របទៅតាមរដ្ឋធម្មនុញ្ញ ដោយកម្ពុជាត្រូវបោះឆ្នោត៥ឆ្នាំម្តង ហើយកំណត់យកថ្ងៃអាទិត្យ សប្តាហ៍ទី៤ នៃខែកក្កដា។ ការកំណត់ការបោះឆ្នោត នៅក្នុងរដ្ឋធម្មនុញ្ញនេះ គឺមិនដូចទៅនឹងការបោះឆ្នោត នៅប្រទេសដទៃទៀតទេ ដែលអនុញ្ញាតឲ្យប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី រំលាយសភា ជ្រើសរើសថ្ងៃបោះឆ្នោត តាមដែលការគ្រោងទុករបស់ខ្លួន។

ពីនោះទៅទៀត សម្តេចក៏បានជម្រាបប្រតិភូទាំងមូល ពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា​ កាលពីឆ្នាំ១៩៩៣ ១៩៩៨ ២០០៣​ ២០០៨ និងឆ្នាំ២០១៣កន្លងមក ហើយការបោះឆ្នោតនាឆ្នាំ២០១៨ គឺមានយុទ្ធនាការបោះឆ្នោត រយៈពេល២១ថ្ងៃ ហើយរយៈពេល២១ថ្ងៃនេះ គឺមានដំណើរការ ប្រព្រឹត្តិទៅយ៉ាងរលូន និងគ្មានអំពើហឹង្សាអ្វី កើតឡើងឡើយ។

សម្ដេច ក៏បានជម្រាបជូន គណៈប្រតិភូទាំងមូលផងដែរ អំពីដំណើរការវិវឌ្ឍរបស់កម្ពុជា ពីប្រទេសមួយ ដែលមានតំបន់ត្រួតត្រាច្រើន មកប្រទេសមួយ ដែលមានតំបន់ត្រួតត្រាតែមួយ ក្រោមរដ្ឋធម្មនុញ្ញតែមួយ។ សម្តេច ក៏បានជម្រាបជូនផងដែរ កាលពីឆ្នាំ១៩៩៨ គឺជាពេលវេលាមួយ ដែលកម្ពុជាបានរួបរួម ស្ថិតនៅក្រោមឆត្រ រដ្ឋធម្មនុញ្ញតែមួយនោះ គឺនៅពេលដែលខ្មែរក្រហមទាំងអស់ មកចុះចូលនៅកម្ពុជា គឺនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ១៩៩៨។ នៅពេលនោះឯង ដែលកម្ពុជាបានរៀបចំ ដំណើរការបោះឆ្នោត ចាប់តាំងពីឆ្នាំ១៩៩៣មក។

បន្ទាប់ពីបានស្តាប់នូវដំណើរការវិវត្ត ពីស្ថានភាពទាំងឡាយរបស់កម្ពុជាពីអតីតកាលកន្លងមក ក៏ដូចជាប្រវត្តិនៃការបោះឆ្នោតរបស់កម្ពុជា កន្លងមក, អង្គការ CAPDI បានជម្រាបជូនសម្ដេច និងប្រតិភូទាំងនោះថា កម្ពុជាគឺជាប្រទេសមួយ ដែលចាប់ផ្ដើមពីរដ្ឋបរាជ័យមួយ រហូតមកដល់ពេលនេះ ក្លាយជាប្រទេសមួយ ដែលទទួលបានជោគជ័យ កាត់បន្ថយភាពក្រីក្រ មានសុខសន្តិភាព និងការអភិវឌ្ឍ។

ដោយឡែកអង្គការ ICAPP ដែលតំណាងឲ្យប្រទេសចំនួន៥០ ដែលមានបក្សនយោបាយ ចំនួន៣៥០ ដែលធ្លាប់បានធ្វើការសង្កេតការណ៍ ដំណើរការបោះឆ្នោតជាច្រើនដង ច្រើនកន្លែង និងច្រើនប្រទេសមកហើយ ហើយនៅពេលនេះអង្គការ ICAPP មានសុទិដ្ឋិនិយម បន្ទាប់ពីបានឃើញក្បួនដង្ហែរ នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅកម្ពុជា ពីម្សិលមិញ ដោយឃើញទឹកមុខប្រជាជនកម្ពុជា មានភាពស្រស់ស្រាយរីករាយ នោះហើយគឺជាការឆ្លុះបញ្ចាំង នូវដំណើរការយុទ្ធនាការបោះឆ្នោតមួយ ដែលមានសុទិដ្ឋិនិយម។

ដោយឡែក សមាជិកសភាសហរដ្ឋអាមេរិកមួយរូប ក្នុងនាមជាប្រជាជនអាមេរិក បានមានប្រសាសន៍ថា លោកបានមកកាន់កម្ពុជា រហូតមកដល់ពេលនេះ ឃើញកម្ពុជាមានការផ្លាស់ប្ដូរខ្លាំង លោកសូមសំដែងនូវការអបអរសាទរ ចំពោះសុខសន្តិភាពស្ថេរភាព ដែលកម្ពុជាទទួលបានជាសព្វថ្ងៃ។ លោកបានបង្ហាញ នូវការរំពឹង​ថាទំនាក់ទំនង រវាងកម្ពុជានិង​អាមេរិក នឹងល្អប្រសើរឡើង​។

រីឯគណៈប្រតិភូ សង្កេតការណ៍ មកពីឥណ្ឌា ​ក៏បានមានប្រសាសន៍ ស្របគ្នាទៅនឹងតំណាងអង្គការ ICAPP ផងដែរថា កាលពីម្សិលមិញនេះ លោកបានឃើញការដង្ហែក្បួន បិទយុទ្ធនាការ នៅរាជធានីភ្នំពេញ លោកបានជួបនិងស្តាប់ អំពីស្ថានភាពយុទ្ធនាការឃោសនាបោះឆ្នោត នៅកម្ពុជាកន្លងមក លោកសង្កេតឃើញថា យុទ្ធនាការឃោសនាបោះឆ្នោតនៅកម្ពុជា ពិតជាមានភាពរលូន។ លោកបានបង្ហាញពីការប្តេជ្ញាចិត្តថា នឹងបន្តចូលរួមសង្កេតការណ៍ តទៅទៀតនៅថ្ងៃបោះឆ្នោតស្អែកនេះ ដើម្បីតាមដានអំពីដំណើរការបោះឆ្នោតនៅកម្ពុជា៕

អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ ​

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation