ព័ត៌មានជាតិ

មណ្ឌលធ្វើចត្តាឡីស័កដំបូងបំផុតក្នុងរាជធានីភ្នំពេញ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

image

ភ្នំពេញ៖ មណ្ឌលចត្តាឡីស័កដំបូងបំផុតនៅក្នុងរាជធានីភ្នំពេញត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។ មណ្ឌលចត្តាឡីស័កនោះ ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងបានធ្វើពិធីសម្ពោធដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមនិងក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលផងដែរ។

ក្នុងពិធីនោះ លោក ឃួង ស្រេង បានលើកឡើងថា កន្លងមកការរៀបចំកន្លែងធ្វើចត្តាឡីស័ក បានខ្ចីទីតំាងសាលារៀន ខ្ចីកន្លែងអង្គភាពយោធា និងសណ្ឋាគារដែលគេស្ម័ក្រចិត្តផ្តល់ឱ្យ និងកន្លែងឯកជនមួយចំនួនទៀត។ ពេលនេះកន្លែងមួយចំនួន ត្រូវបានក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញបានប្រគល់ជូនគេយកទៅប្រើប្រាស់វិញ ជាពិសេសសាលារៀនដែលនឹងត្រូវបើកបវេសនកាល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ បានចាប់ផ្តើមសាងសង់តាំងពីខែកញ្ញា ឆ្នាំ២០២០មកម្លេះ ដែលបានចំណាយថវិកាប្រមាណ ៧៩ម៉ឺនដុល្លារ។ មណ្ឌលចត្តាឡីស័កនោះមានចំនួន ៤អាគារ ដែលក្នុង ១អាគារ អាចដាក់មនុស្សធ្វើចត្តាឡីស័កបានចំនួន ១១៦នាក់ និងនៅក្នុងអាគារនីមួយៗ មានរបាំងការពារត្រឹមត្រូវតាមបែបបច្ចេកទេស និងតាមវិធានរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៧:០០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣៨៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកជំងឺកំពុងព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១នាក់៕ 

ដោយ៖ ម៉ៅ នរិទ្ធិយ៉ា