ព័ត៌មានជាតិ

ពលរដ្ឋ ៧៤គ្រួសារ នៅសង្កាត់ស្រះចក ទទួលបានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លី បន្ទាប់ពីរង់ចាំអស់ ៤០ឆ្នាំ

image

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវលេខ៧០ ភូមិ១ សង្កាត់ស្រះចក រាជធានីភ្នំពេញ ចំនួន ៧៤គ្រួសារ ទទួលបានការផ្តល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុពីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ 

ការទួលបានប័ណ្ណនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានណែនាំដល់មន្ត្រី និងអាជ្ញាធរ ចុះវាស់វែងបែងចែក និងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ស្របពេលដែលប្រជាពលរដ្ឋទាំងនោះ រស់នៅក្នុងតំបន់អនាធិបតេយ្យ អស់រយៈពេលជាង ៤០ឆ្នាំកន្លងមកហើយ។ ទន្ទឹមនឹងការទទួលបានប័ណ្ណកម្មសិទ្ឋិដីធ្លី ប្រជាពលរដ្ឋទាំងអស់ ក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ និងការលើកលែងសេវាពន្ធប្រថាប់ត្រាដល់ពួកគេទាំងអស់គ្នា ដូចអ្វីដែលទទួលបាននៅពេលនេះ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៧០ ស្ថិតក្នុងភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានទន្ទឹងរង់ចាំកម្មសិទ្ធិនេះអស់រយៈពេលជាង ៤០ឆ្នាំមកហើយ គិតចាប់ពីដើមទសវត្សរ៍ទី៨០ មកដល់បច្ចុប្បន្ន៕

ដោយ៖ ឌីយ៉ាម៉ង់

ព័ត៌មានទាក់ទង...