សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប្រធានក្រុមហ៊ុនមួយ ករណីទិញរថយន្តហើយបង់ប្រាក់មិនគ្រប់ចំនួន

image


កណ្ដាល៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកពញាឮឃាត់ខ្លួន នៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០២១ ក្នុងករណីរំលោភលើទំនុកចិត្ត យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

មន្ត្រីនគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ចាន់រ៉ាវុត ភេទប្រុស ឆ្នាំកំណើត១៩៩៥ ជនជាតិខ្មែរ មុខរបរលក់ដីឡូត៍ មានទីលំនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុក រមាសហែក ខេត្តស្វាយរៀង។ ចំណែកជនសង្ស័យឈ្មោះ ទេព ណាវុន ភេទប្រុស ឆ្នាំកំណើត១៩៨២ ជនជាតិខ្មែរ មុខរបរប្រធានក្រុមហ៊ុន ទេព ណាវុន (លក់ស្ករស) មានទីលំនៅភូមិស្តុក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

បើតាមរបាយការណ៍បានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២០ ឈ្មោះ ហ៊ែល រ៉េត បានយករថយន្តរបស់ជនរងគ្រោះឈ្មោះ សេង ចាន់រ៉ាវុត ម៉ាក MG RX8 ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ 2BG-6948 យកមកលក់ឲ្យជនសង្ស័យឈ្មោះ ទេព ណាវុន ក្នុងតំលៃ៥០០០០ដុល្លារ។

បន្ទាប់ពីនិយាយត្រូវរូវគ្នា ជនសង្ស័យឈ្មោះ ទេព ណាវុន បានប្រគល់ប្រាក់ឲ្យជនរងគ្រោះចំនួន ១០០០០ដុល្លារសិន ដោយសន្យាប្រគល់ប្រាក់គ្រប់ចំនួន ៤០០០០ដុល្លារទៀត នៅថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២០។ លុះមកដល់ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២០ ជាថ្ងៃកំណត់ប្រគល់ប្រាក់គ្រប់ចំនួន, ជនសង្ស័យ មិនមានប្រាក់សង ហើយបានគេចវេស មិនព្រមចូលខ្លួនមកជួបដោះស្រាយជាមួយជនរងគ្រោះឡើយ រហូតមកដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ទេព ណាវុន បានចេញមូលប្បទានប័ត្រដែលកំណត់សាច់ប្រាក់ចំនួន ៤០០០០ដុល្លារ នៅធានាគារវឌ្ឍនៈចំកាត់(ABA)។

ឲ្យទៅឈ្មោះ ហ៊ែល រ៉េត ជាមិត្តភ័ក្ររបស់ជនរងគ្រោះ ដើម្បីបើកប្រាក់ពីធានាគារឲ្យទៅជនរងគ្រោះឈ្មោះ សេង ចាន់រ៉ាវុត (ម្ចាស់រថយន្ត) ប៉ុន្តែមូលប្បទានប័ត្រ ដែលជនសង្ស័យចេញឲ្យនោះ គឺគ្មានសាច់ប្រាក់ទេ។ ចាប់ពីថ្ងៃនោះ មកជនរងគ្រោះបានតេទូរស័ព្ទទៅជនសង្ស័យមិនលើក ព្រមទាំងគេចវេសរហូត។ រហូតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងប្តឹងទៅលើជនសង្ស័យឈ្មោះ ទេព ណាវុន អំពី រឿងហេតុខាងលើនៅតែម្តង ។

បន្ទាប់ពីកម្លាំងជំនាញទទួលបានពាក្យបណ្ដឹងខាងលើ ភ្លាមនោះ ក៏ធ្វើការកោះហៅជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីឃាត់ខ្លួនសាកសួរ ចាត់ការតាមនីតិវិធី ៕


ព័ត៌មានទាក់ទង...