សន្តិសុខសង្គម

រថយន្តបុកម៉ូតូពីក្រោយអូសជាង៥០ម៉ែត្រធ្លាក់ផ្លូវចូលត្រពាំងឈូកបាត់ខ្លួនស្ត្រីម្នាក់ និងបុរសម្នាក់រងរបួសធ្ងន់

image


ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ និងស្ត្រីម្នាក់បានបាត់ខ្លួន នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្ត ១គ្រឿង បុកម៉ូតូពីក្រោយពេញទំហឹង និងអូសជាង ៥០ម៉ែត្រ បណ្តាលឱ្យធ្លាក់ផ្លូវចូលត្រពាំងឈូក កាលពីវេលាម៉ោង ១២:២០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមការឱ្យដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តម៉ាក TOYOTA Prius មួយគ្រឿង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AX-2687 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង បើកលឿនដូចហោះ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូមួយគ្រឿង ធ្វើដំណើរស្របទិសដៅគ្នាពីក្រោយពេញទំហឹង បណ្ដាលឱ្យអូសជាង ៥០ម៉ែត្រ ធ្លាក់ផ្លូវចូលទៅក្នុងត្រពាំងឈូក ទាំងម៉ូតូ និងរថយន្ត ចូលទៅកៀបនឹងធ្នឹមផ្ទះប្រជាពលរដ្ឋទៅមុខលែងរួច។

បន្ទាប់មកប្រជាពលរដ្ឋរស់នៅក្បែរនោះ ក៏បាននាំគ្នាចូលទៅមើលឃើញបុរសម្នាក់ដេកស្តូកស្តឹងរងរបួសធ្ងន់ រួចជនរងគ្រោះ មុននិងឡើងលើរថយន្តសង្គ្រោះបន្ទាន់ បានផ្ដែផ្ដាំប្រជាពលរដ្ឋថា ទៅជួយរកប្រពន្ធគាត់ផង។ ដោយមានការសង្ស័យនៅកន្លែងគ្រោះថ្នាក់ចរាចរណ៍បានបន្សល់ទុកមួកសុវត្ថិភាពចំនួន ២ និងស្បែកជើង២គូផងដែរ។ ចំណែកតៃកុងរថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់ឃាត់ខ្លួន រួចប្រគល់ជូនសមត្ថកិច្ច។

ក្រោយកើតហេតុប្រជាពលរដ្ឋ បាននាំគ្នាយកខ្សែចងរថយន្ត ដើម្បីអូសចេញពីទឹក និងរុករកស្ត្រីម្នាក់ដែលបាត់ខ្លួន ដូចដែរពាក្យជនរងគ្រោះបានផ្តាំ តែរកមិនឃើញ។ វត្ថុតាងត្រូវបានសមត្ថកិច្ចបានធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

ដោយ៖ មួង សុវណ្ណារិទ្ធ


ព័ត៌មានទាក់ទង...