
កូវីដ-១៩នៅអាមេរិក លើស២១,៥៣លានករណីហើយ ខណៈអ្នកស្លាប់មាន៣៦,៤ម៉ឺននាក់

សហរដ្ឋអាមេរិក៖ ជំងឺកូវីដ-១៩សរុបក្នុងសហរដ្ឋអាមេរិក បានកើនឡើងដល់ ២១,៥៣ លានករណីហើយ ខណៈអ្នកស្លាប់មានរហូតដល់ ៣៦៤ ៤៩១នាក់ គិតត្រឹមរសៀលថ្ងៃសុក្រ ៨ មករា (ម៉ោងនៅកម្ពុជា)។ នេះបើយោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវិស្វកម្ម (CSSE) នៃសាកលវិទ្យាល័យចនឃិនគីន
បើប្រៀបធៀបនឹងទិន្នន័យដែលកាលពីម្សិលមិញ ករណីកូវីដ-១៩ឆ្លងថ្មី មានរហូតដល់ជាង២៦,៥ម៉ឺនករណី ខណៈអ្នកស្លាប់ថ្មី មានរហូតដល់៤ពាន់នាក់ក្នុង២៤ម៉ោង ។ សន្ទុះនៃការឆ្លងកូវីដ-១៩នេះ ក៏កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់ភាពអត់ការងារធ្វើក្នុងប្រទេសនេះផងដែរ។
ដោយគ្មានកញ្ចប់ថវិកាជំនួយថ្មីទេនោះ ពលរដ្ឋអាមេរិកជាច្រើន ឆាប់ៗខាងមុខ នឹងបាត់បង់អត្ថប្រយោជន៍ការអត់ការងារធ្វើរបស់ពួកគេ ហើយម្ចាស់ផ្ទះជួលមួយចំនួនធំ នឹងប្រឈមការលំបាក ដូចជា ការបណ្ដេញអ្នកជួលចេញ និងបង្ខំបិទទ្វារជាដើម។
ជាមួយគ្នានេះដែរ កម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ប្រទេសនេះ បន្តមានការយឺតយ៉ាវខ្លាំង។ យោងតាមទូរទស្សន៍ CNN អាមេរិក ភាពយឺតយ៉ាវនេះ បង្កឡើងដោយការរចនាសម្ព័ន្ធមិនល្អ ការដឹកជញ្ជូនចំណាយពេលយូរ និងមនុស្សច្រើនតម្រង់ជួរ រង់ចាំចាក់វ៉ាក់សាំង៕
