ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម៖ ឆ្នាំ២០២០ កម្ពុជា នាំចេញអង្ករជិត ៧០០ពាន់តោន ទៅកាន់ទីផ្សារអន្តរជាតិ  ខណៈក្រសួងកំពុងធ្វើការអភិវឌ្ឍយន្តូបនីកម្មកសិកម្ម

image

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឱ្យដឹងថា នៅឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ គឺអង្ករចំនួនជាង ៦៩០ ០០០តោន និងស្រូវចំនួនជាង ២ ៨០០ ០០០តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្រៅពីនេះ កម្ពុជា បាននិងកំពុងធ្វើការនាំ ចេញកសិផលសំខាន់ៗមួយចំនួនទៀត ដូចជាផ្លែស្វាយស្រស់ និងកែច្នៃ, ផ្លែចេកស្រស់, គ្រាប់ស្វាយចន្ទីស្រស់ និងកែច្នៃ, ដំឡូងមីស្រស់ និងក្រៀម និងមានប៉ៃលិនស្រស់ (តាង៉ែន)ទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត។

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងបន្ថែមទៀតថា ក្រសួងកសិកម្ម នៅតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ក្នុងការរៀបចំផែនការជំរុញកំណើនកសិកម្ម រួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយ:ការដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្នុងគោលបំណងសំខាន់ គឺធ្វើយ៉ាងណា “ប្រែក្លាយកសិកម្មកម្ពុជា ទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព បង្កើនប្រាក់ចំណូល ធានាបានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងនវានុវត្តន៍” ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព តាមអភិក្រម ព្រមទាំងលើកកម្ពស់ការធ្វើយន្តូបនីយកម្មកសិកម្ម ពិពិធភាវូបនីយកម្មកសិកម្ម និងកសិ-ពាណិជ្ជកម្ម ធ្វើយ៉ាងណាសម្រេចឲ្យបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។

លោក វេង​ សាខុន បានលើកឡើងបន្ថែមថា មួយក្នុងចំណោមគោលនយោបាយជាអាទិភាពរបស់ក្រសួងកសិកម្ម គឺការអភិវឌ្ឍយន្តូបនីកម្មកសិកម្ម។ ផ្តើមចេញពីការអនុវត្តគោលនយោបាយនេះ សង្កេតឃើញថា បច្ចុប្បន្ន គ្រឿងយន្តកសិកម្ម បានចូលខ្លួនមកបម្រើឲ្យវិស័យកសិកម្ម ជំនួសឲ្យកំលាំងពលកម្មមនុស្ស និងសត្វពាហន:ស្ទើរតែទាំងស្រុង ជាពិសេសលើផ្នែកផលិតកម្មដំណាំស្រូវ និងដំណាំកសិ-ឧស្សាហកម្ម។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម (០៨/មករា/២០២១) បានបង្ហាញថាបច្ចុប្បន្ន កម្ពុជាមានត្រាក់ទ័រចំនួន ៣២ ០៩៤គ្រឿង គោយន្តចំនួន ៤៩៨ ១១៩គ្រឿង និងម៉ាស៊ីនប្រមូលផលស្រូវមានចំនួន ៦ ៧៩៦គ្រឿង ដែលបាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការរៀបចំដីស្រែ ដីចម្ការ និងប្រមូលផលស្រូវ ហើយនិងគ្រឿងយន្តបម្រើឲ្យការងារសាកវប្បកម្ម។

ទន្ទឹមនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែកអនុវត្តបច្ចេកទេសរៀបចំដី និងប្រើប្រាស់គ្រឿងយន្តកសិកម្ម ឲ្យបានត្រឹមត្រូវសមស្របតាមបទដ្ឋាន ស្ថានភាពដី និងប្រភេទដំណាំ, រៀងរាល់ឆ្នាំ នាយកដ្ឋានវិស្វកម្មកសិកម្ម បានចុះធ្វើការបង្ហាញជាក់ស្តែងអំពីការប្រើគ្រឿងយន្ត ជួសជុល និងបានធ្វើការណែនាំអំពីអត្ថប្រយោជន៍សំខាន់ៗជូនដល់កសិករផងដែរ ដូចជាការត្រួតពិនិត្យបច្ចេកទេសនៃការរៀបចំដីអត្ថប្រយោជន៍នៃការរៀបចំដី និងបច្ចេកទេសនៃការគ្រឿងយន្តក្នងការប្រមូលផល៕

ព័ត៌មានទាក់ទង...