ព័ត៌មានជាតិ

សម្តេចតេជោ ៖ អរគុណដល់ជនរួមជាតិដែលបានទៅបោះឆ្នោតនៅថ្ងៃនេះដ៏ច្រើនលើសលុប

image

នៅល្ងាចថ្ងៃអាទិត្យនេះ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់ទៅលើទំព័រហ្វេសបុកផ្លូវការ ដោយថ្លែងអរគុណដល់ជនរួមជាតិដែលបានទៅបោះឆ្នោតនៅថ្ងៃនេះ ដោយសម្តេចបានសរសេររៀបរាប់ថា
«បងប្អូនពិតជាបានជ្រើសរើសផ្លូវប្រជាធិបតេយ្យ និងបានប្រើប្រាស់សិទ្ធិរបស់បងប្អូនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស។»

សម្តេចតេជោបន្តថា តាមរបាយការណ៍ពី គ.ជ.ប គិតមកត្រឹមម៉ោង ៣:០០ រសៀលនេះ ដែលជាម៉ោងបិទការិយាល័យបោះឆ្នោត និងចាប់ផ្តើមរាប់សន្លឹកឆ្នោត គឺមានប្រជាពលរដ្ឋខ្មែរជាង ៨០.៤៩ ភាគរយ ស្មើហ្នឹងប្រមាណ ៦,៧៤៤,៨៩៣ នាក់ បានចូលរួមបោះឆ្នោតនៅថ្ងៃនេះ។

ជាមួយគ្នានេះ សម្តេចតេជោ បានបន្តយ៉ាងដូច្នេះថា «ខ្ញុំសូមអររគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងបានគូសសន្លឹកឆ្នោតនៃគណបក្សនយោបាយដែលខ្លួនពេញចិត្ត។សូមបងប្អូនតាមដានការប្រកាសលទ្ឋផលនៃការបោះឆ្នោតតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា៕»

បើតាមរបាយការណ៏ពី គ.ជ.ប ការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដានេះ មានប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសមានចំនួន ៦,៧៤៤,៨៩៣ នាក់ ស្មើនឹង៨០,៤៩%។

សូមជំរាបថា គ.ជ.ប នឹងផ្សាយលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧៖០០ នាទី រហូតដល់ម៉ោង១៖០០នាទី រំលងអាធ្រាត្រនាយប់នេះ នៅតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរួមមាន ទូរទស្សន៍ជាតិកម្ពុជា, វិទ្យុជាតិកម្ពុជា, ទូរទស្សន៍ Online គ.ជ.ប, វិទ្យុ Online គ.ជ.ប, គេហទំព័រគ.ជ.ប, និង Facebook របស់គ.ជ.ប ជាដើម៕