ព័ត៌មានអន្តរជាតិ

អាមេរិក ចាប់ផ្ដើមយកពន្ធលើស្រា និងគ្រឿងបន្លាស់យន្តហោះពីបារាំងនិងអាល្លឺម៉ង់ 

image

វ៉ាស៊ីនតោន៖ រដ្ឋាភិបាលអាមេរិក បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមប្រមូលពន្ធថ្មីលើគ្រឿងបន្លាស់យន្តហោះ និងស្រា ពីបារាំង និងអាល្លឺម៉ង់ ចាប់ពីថ្ងៃអង្គារ ទី១២ មករា តទៅ ។ 

ការសម្រេចនេះ គឺធ្វើក្រោយបន្ទាប់ពីបរាជ័យដោះស្រាយជម្លោះ ដែលអូសបន្លាយរហូតដល់១៦ឆ្នាំ ជុំវិញបញ្ហាដែលសហភាពអឺរ៉ុបជួយឧបត្ថម្ភដល់ការផលិតយន្តហោះរបស់ក្រុមហ៊ុនពួកគេ  ឈ្មោះថា អ៊ែរបាស (Airbus)។ ក្រុមហ៊ុននេះ ជាគូប្រជែងរបស់ក្រុមហ៊ុនអាមេរិក ប៊ូអ៊ីញ (Boeing) ។

នៅមុនការប្រកាសពីចំណាត់ការនេះ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានលើកឡើងថា ខ្លួននឹងយកពន្ធបន្ថែម ១៥ ភាគរយ លើគ្រឿងបន្លាស់យន្តហោះដែលនាំចូលពីបារាំងនិអាល្លឺម៉ង់ រួមមាន តួយន្តហោះ និងស្លាបយន្តហោះ ជាដើម ព្រមទាំងដំឡើងពន្ធ២៥ភាគរយលើស្រា ដែលមានឈ្មោះក្នុងបញ្ជីជាប់ពន្ធ។ 

ទោះបីពន្ធបានចូលជាធរមានរួចរាល់ សហភាពអឺរ៉ុប បានអះអាងថា ខ្លួននឹងស្វែងរកដំណោះស្រាយជុំវិញបញ្ហានេះ ជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី លោក ចូ បៃឌិន ដែលនឹងចូលកាន់តំណែងនាថ្ងៃទី ២០ ខែមករាខាងមុខ។  

យោងតាមសារព័ត៌មាន រ៉យទ័រ (Reuters) ក្រុមហ៊ុន អ៊ែរបាស (Airbus) សង្កត់ធ្ងន់ថា ការយកពន្ធលើគ្រឿងបន្លាស់យន្តហោះ ដែលផលិតក្នុងប្រទេសបារាំង និងអាល្លឺម៉ង់ នឹងប៉ះពាល់ដល់ផលិតកម្មរបស់ក្រុមហ៊ុនខ្លួន ហើយក៏ជះឥទ្ធិពលអវិជ្ជមានដល់កម្មករអាមេរិក ដែលបម្រើការក្នុងក្រុមហ៊ុនខ្លួនផងដែរ៕ 

អត្ថបទដោយ៖ អ៊ឹម ម៉េងស៊ាង

ព័ត៌មានទាក់ទង...