ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បញ្ជូនឧបករណ៍ធ្វើតេស្តកូវីដ-១៩ឲ្យបូលីវី ខណៈប្រទេសនេះយឺតយ៉ាវរឿងវ៉ាក់សាំង

image

ឡាប៉ាស៖ កូរ៉េខាងត្បូង បានបញ្ជូនឧបករណ៍ធ្វើតេស្តកូវីដ-១៩ទៅឲ្យប្រទេស បូលីវី ដែលជាប្រទេសក្រីក្របំផុតមួយក្នុងតំបន់អាមេរិកឡាទីន ស្របពេលដែលប្រទេសមួយនេះទន្ទឹងរង់ចាំយ៉ាងអន្ទះសា ការមកដល់នៃវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ 

ប្រទេសក្បែរខាងអ្នកមានៗរបស់បូលីវី ដូចជា ស៊ីលី និងអាហ្សង់ទីន បានចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួនរួចរាល់ហើយ។ ចំណែករដ្ឋាភិបាលឡាប៉ាស នៃប្រទេសបូលីវី សង្ឃឹមថាអាចចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងក្នុងប្រទេសខ្លួន នាចុងខែមករានេះ។  

មូលនិធិរដ្ឋរបស់រុស្ស៊ី ឈ្មោះថា មូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) បានយល់ព្រមផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ គ្រប់គ្រាន់សម្រាប់ពលរដ្ឋបូលីវីទាំង២,៦លាននាក់ ដោយម្នាក់ទទួល២ដូស ហើយនេះគឺជាកិច្ចព្រមព្រៀងវ៉ាក់សាំងធំដំបូងរបស់ប្រជាជាតិអាមេរិកខាងត្បូងនេះ។ 

បន្ថែមពីលើនេះ ប្រទេស បូលីវី ក៏បានចុះឈ្មោះក្នុងគំនិតផ្ដួចផ្ដើមកូវីដ-19សកល ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក (WHO) ហើយស្នើសុំឲ្យមានការធានាចំពោះការចែកចាយវ៉ាក់សាំងកូវីដ-១៩ ដោយស្មើភាព។ 

យោងតាមសារព័ត៌មាន រ៉យទ័រ (Reuters) រដ្ឋាភិបាល បូលីវី សង្ឃឹមថាអាចចាក់វ៉ាក់សាំងពលរដ្ឋខ្លួនរហូតដល់២០ភាគរយ ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២១នេះ តាមរយៈគំនិតផ្ដួចផ្ដើម កូវ៉ាក់ (COVAX) នេះ។

រហូតមកទល់ពេលនេះ អាជ្ញាធរបូលីវី សម្រុកធ្វើតេស្តកូវីដ-១៩ដល់ពលរដ្ឋខ្លួន ដើម្បីកាត់បន្ថយការឆ្លងរាលដាល។ គិតត្រឹមថ្ងៃទី ១២ ខែមករា  បូលីវី មានករណីឆ្លងកូវីដ-១៩ ១៧៥ ០០០ករណី និងអ្នកស្លាប់ ៩០០០នាក់៕

អត្ថបទដោយ៖ អ៊ឹម ម៉េងស៊ាង