
អាមេរិកចោទអ៊ីរ៉ង់ថាជាមូលដ្ឋានថ្មីរបស់ក្រុមអាល់កៃដា

សាច់រឿង៖រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ផមភីអូ (Mike Pompeo) កាលពីថ្ងៃអង្គារ បានចោទប្រកាន់រដ្ឋាភិបាលអ៊ីរ៉ង់ជាសាធារណៈថា បានអនុញ្ញាតឱ្យបណ្តាញក្រុមជីហាដអាល់កៃដាបង្កើត «មូលដ្ឋានថ្មី» នៅទីនោះ។
លោក ផមភីអូ បាននិយាយថា «ក្រុមអាល់កៃដាសព្វថ្ងៃនេះកំពុងប្រតិបត្តិការក្រោមការការពារដ៏រឹងមាំរបស់របបអ៊ីរ៉ង់ គឺមិនដូចនៅអាហ្វហ្គានីស្ថានទេដែលនៅពេលនោះក្រុមអាល់កៃដាបានលាក់ខ្លួននៅតាមតំបន់ភ្នំ»។
ប៉ុន្តែទោះជាយ៉ាងណា លោក ផមភីអូ មិនបានផ្តល់ព័ស្តុតាងជាក់លាក់ណាមួយដើម្បីគាំទ្រការចោទប្រកាន់របស់លោកឡើយ។
ជាការឆ្លេីយតប រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ម៉ូហាម៉ាត់ ចាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បានហៅការចោទប្រកាន់នេះថា «ជាការភូតកុហកដេីម្បីបង្កសង្គ្រាម»។
កាលពីខែវិច្ឆិកា អ៊ីរ៉ង់បានបដិសេធរបាយការណ៍ដែលថា មេបញ្ជាការកំពូលទី២ របស់ក្រុមអាល់កៃដា លោក អាប់ឌុលឡា អាម៉េត អាប់ឌុលឡា (Abdullah Ahmed Abdullah) ត្រូវបានបាញ់សម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីឆ្នាំមុនដោយភ្នាក់ងារអ៊ីស្រាអែលបន្ទាប់ពីមានការស្នើសុំពីអាមេរិក។
គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០១៥ មក លោក ផមភីអូ បានចោទប្រកាន់អ៊ីរ៉ង់ថា បានអនុញ្ញាតឱ្យឥស្សរជនរបស់ក្រុមអាល់កៃដានៅក្នុងអ៊ីរ៉ង់អាចធ្វេីការទាក់ទងដោយសេរីជាមួយសមាជិកដទៃទៀត និង បំពេញមុខងារជាច្រើនដែលកាលពីមុនត្រូវបានដឹកនាំបញ្ជាចេញពីអាហ្វហ្គានីស្ថាន និង ប៉ាគីស្ថាន ដែលរួមមានការអនុញ្ញាតឲ្យមានការវាយប្រហារ, ការឃោសនា និងការកៀងគរមូលនិធិ៕
