ព័ត៌មានអន្តរជាតិ

សន្តិសុខត្រូវបានរឹតបន្តឹងសម្រាប់ថ្ងៃស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិករបស់​ លោក បៃដិន

image

សាច់រឿង៖កងការពារសម្ងាត់ (Secret Service) និង កងទ័ពឆ្មាំការពារជាតិ (National Guard) របស់អាមេរិកបានបេ្ដជ្ញាបង្កើនកម្លាំងការពារក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីរបស់ លោក ចូ បៃដិន (Joe Biden) នៅថ្ងៃទី២០ ខែមករា ខាងមុខ ស្របពេលដែលអភិបាលរដ្ឋធានីវ៉ាស៊ីនតោនបានជំរុញឲ្យពលរដ្ឋស្នាក់នៅផ្ទះនៅថ្ងៃនោះ។

ក្រោយមានការតវ៉ាដោយហិង្សារបស់ក្រុមអ្នកគាំទ្រ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានទម្លាយរនាំងសន្តិសុខសម្រុកចូលទៅក្នុងវិមានសភាអាមេរិកក្នុងអំឡុងពេលដែលសមាជិកសភាអាមេរិកកំពុងអនុម័តជ័យជម្នះរបស់ លោក បៃដិន នោះ ក្រុមកងការពារសម្ងាត់បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមប្រតិបត្តិការការពារពិសេសនៅថ្ងៃទី១៣ ខែមករានេះតទៅ។

កងទ័ពឆ្មាំការពារជាតិបានបញ្ជាក់កាលពីដេីមសប្ដាហ៍នេះថា ខ្លួននឹងបញ្ជូនទ័ពរហូតដល់ទៅ​ ១ម៉ឺន៥ពាន់នាក់ទៅការពារពិធីស្បថចូលកាន់តំណែងរបស់​ លោក​ បៃដិន​ ដែលចំនួននេះបានកើនឡើងជិតមួយជាពីរបើប្រៀបធៀបនឹងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីកាលពីឆ្នាំ២០១៦ របស់ លោក ត្រាំ​ ដែលបានប្រើកងទ័ពឆ្មាំការពារជាតិចំនួន ៨ពាន់នាក់។

លោក បៃដិន បាននិយាយថា លោកមិនព្រួយបារម្ភពីសុវត្ថិភាពរបស់លោកនៅក្នុងពិធីស្បថចូលកាន់តំណែងទេ។

លោកបាននិយាយថា​ «ខ្ញុំមិនព្រួយបារម្ភពីការស្បថនៅបរិវេណខាងក្រៅទេ» និងបានថា អ្នកដែល «ពាក់ព័ន្ធក្នុងការបះបោរ និង គំរាមកំហែងដល់អាយុជីវិតពលរដ្ឋ» ត្រូវតែទទួលខុសត្រូវ។

ជាមួយគ្នានោះ​ អភិបាលរដ្ឋធានីវ៉ាស៊ីនតោន​ កាលពីដេីមសប្ដាហ៍នេះ មិនលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់​ លោក​ បៃដិន​ ទេ តែជំរុញឲ្យពលរដ្ឋចូលរូមទស្សនាតាមអ៊ិនធឺណិតពីផ្ទះវិញ ដោយបានលេីកឡេីងពីការព្រួយបាម្ភពី ការឆ្លងវីរុសកូវីដ-១៩​ និង ការវាយប្រហារមកលើវិមានសភាកាលពីសប្ដាហ៍មុន៕

ព័ត៌មានទាក់ទង...