ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ីចាប់ផ្ដេីមយុទ្ធនាការចាក់វ៉ាក់សាំងឲ្យពលរដ្ឋខ្លួន​ ប៉ុន្តែផ្ដល់អាទិភាពដល់ក្រុមមនុស្សវ័យក្មេងមុនគេ

image

សាច់រឿង៖ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្ដេីមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩​ ឲ្យពលរដ្ឋរបស់ខ្លួនដោយមិនគិតថ្លៃនៅថ្ងៃពុធនេះ​ ក្នុងគោលបំណងដើម្បីបញ្ឈប់ការឆ្លងរីករាលដាលរបស់វីរុសនេះ​ និង​ ដេីម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមានដំណើរការឡើងវិញ។

ប៉ុន្តែប្រទេសមួយនេះកំពុងប្រកាន់យកវិធីសាស្រ្តខុសប្លែកពីប្រទេសដទៃនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន​ ដោយពួកគេនឹងផ្ដោតគោលដៅចាក់វ៉ាក់សាំងឲ្យក្រុមមនុស្សវ័យក្មេងដែលពេញកម្លាំងធ្វេីការចាប់ពីអាយុ​ ១៨ដល់៥៩ឆ្នាំ​ជាមុនសិន​ បន្ទាប់ពីចាក់ឲ្យបុគ្គលិកពេទ្យជួរមុខរួច។ ចំណែកក្រុមមនុស្សចាស់គឺជាអាទិភាពបន្ទាប់ប៉ុណ្ណោះ។ 

ប្រធានាធិបតីឥណ្ឌូណេស៊ី​ លោក​ ចូកូ​ វីដូដូ​ (Joko Widod) អាយុ ៥៩ឆ្នាំគឺជាមនុស្សដំបូងគេនៅក្នុងប្រទេសនេះដែលបានចាក់វ៉ាក់សាំងកូវីដ-១៩​ នៅថ្ងៃពុធនេះ​ ខណៈដែលអនុប្រធានាធិបតី​ លោក​ ម៉ារ៉ូវ​ អាមីន​ (Ma'ruf Amin) អាយុ ៧៧ឆ្នាំនឹងមិនទទួលបានការវ៉ាក់សាំងភ្លាមៗទេដោយសារគាត់អាយុច្រេីនពេក។ 

អ្នកជំនាញផ្នែកវេជ្ជសាស្ត្រដែលបានផ្តល់យោបល់ដល់រដ្ឋាភិបាលឥណ្ឌូណេស៊ីឲ្យប្រកាន់យកយុទ្ធសាស្រ្ត «ចាក់វ៉ាក់សាំងឲ្យយុវជនមុន» នោះ​ បានអះអាងថា​ នេះជាយុទ្ធសាស្ត្រសមហេតុផលក្នុងការផ្តល់អាទិភាពដល់ពលរដ្ឋដែលកំពុងធ្វើការឲ្យទទួលបានវ៉ាក់សាំងមុន គេ ពីព្រោះក្រុមមនុស្សនេះជាអ្នកដែលចេញក្រៅផ្ទះទៅធ្វេីការ​ និង​ ទៅគ្រប់ទីកន្លែង​ ហើយត្រឡប់មកផ្ទះជួបជុំគ្រួសារវិញនៅពេលយប់»។ 

អ្នកជំនាញផ្នែកវេជ្ជសាស្ត្របានអះអាងថា​ វិធីសាស្រ្តនេះនឹងផ្តល់ឱកាសល្អបំផុតដល់ប្រទេសឥណ្ឌូណេស៊ីក្នុងការសម្រេចបានភាពស៊ាំក្នុងសហគមន៍​ប្រឆាំងនឹងវីរុសកូវីដ-១៩។

ភាពស៊ាំក្នុងសហគមន៍នេះនឹងកើតឡើងនៅពេលដែលសហគមន៍មួយភាគធំមានភាពស៊ាំនឹងវីរុសតាមរយៈការចាក់វ៉ាក់សាំង​ ឬការឆ្លងរីករាលដាលទ្រង់ទ្រាយធំ៕