ព័ត៌មានជាតិ

អាជ្ញាធរស្រុកមង្គលបូរី ព្រួយបារម្ភពីការខ្វះទឹកផ្គត់ផ្គង់ដំណាំស្រូវរបស់ប្រជាកសិករ ហើយអាចប្រឈមការខាតបង់ធំ

image

បន្ទាយមានជ័យ៖ អាជ្ញាធរស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ គឺលោក រ័ត្ន ដាស៊ីណង កំពុងធ្វើការស្នើរសុំទៅមន្ទីរជំនាញ ឱ្យជួយអន្តរាគមន៍បូមទឹកពីដងស្ទឹងឃុំសំបួរ ដាក់ផ្នែកខាងលើ ដើម្បីជួយដល់ប្រជាកសិករដែលកំពុងខ្វះខាតទឹកប្រើប្រាស់ និងបង្កបង្កើនផលស្រូវនារដូវប្រាំង។ ការស្នើសុំនេះ បន្ទាប់ពីមានការណែនាំពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

លោក រ័ត្ន ដាស៊ីណង បានឱ្យដឹងថា រដ្ឋបាលស្រុកមង្គលបុរី កំពុងធ្វើការទំនាក់ទំនងទៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តហើយ ដើម្បីឱ្យជួយអន្តរាគមន៍ដល់ប្រជាកសិករដែលកំពុងខ្វះខាតទឹក បូមបញ្ចូលស្រែដែលស្រូវកំពុងតែលូតលាស់ល្អ នៅក្នុង ៩ឃុំ នៃស្រុកមង្គលបុរី ដើម្បីឱ្យកសិករ បន្តបានទឹកប្រើប្រាស់ និងបូមដាក់ស្រែបានទាន់ពេលវេលា។ 

ការស្នើសុំជួយដោះស្រាយទឹកនេះ ដោយសារមន្ទីរជំនាញ មានម៉ាស៊ីបូមទឹកពីស្ទឹងសំបួរ ដែលជាឃុំជាប់បឹងទន្លេសាប បូមដាក់តាមប្រឡាយមេដែលនឹងត្រូវបូមជាពីរដំណាក់ទើបចូលដល់។ ចំពោះកន្លែងផ្សេងៗទៀត ត្រូវបានបង្ហូរទម្លាក់ពីសំណង់ព្រៃខ្ពស់ នៃស្រុកបវេល ខេត្តបាត់ដំបង រយៈពេល ៣ទៅ៤ថ្ងៃមកហើយ ដែលបានដាក់តាមប្រឡាយមេ និងកំពុងមានតម្រូវការបូមដាក់ស្រែគ្រប់គ្រាន់ រួចទើបទម្លាក់ចូលស្ទឹង។ 

អាជ្ញាធរស្រុកមង្គុលបូរី បញ្ជាក់ថា ប្រសិនជាមន្ទីរជំនាញ មិនរកដំណោះស្រាយជូនប្រជាកសិករទេ ស្រូវដែលបង្កបង្កើនផលបានហើយ នឹងត្រូវខូចខាតទៅវិញជាមិនខាន ព្រោះស្រូវទើបនឹងបានរយៈពេល ១ខែជាងប៉ុណ្ណោះ ហើយនៅជាង២ខែទៀត ទើបប្រមូលផល៕

ដោយ៖ ប៊ុន ចាន់ថន


ព័ត៌មានទាក់ទង...