ព័ត៌មានជាតិ

មនុស្ស ២០នាក់ ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការឆ្មក់ចូលទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់ ក្នុងខណ្ឌចំការមន និងខណ្ឌបឹងកេងកង

image

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានឆ្មក់ចុះត្រួតពិនិត្យ ឆែកឆេរ និងបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសង ជ្រកក្រោមស្លាកអ៊ីនធើណេត២៤ម៉ោង ចំនួន ៣ទីតាំង ដែលស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌបឹងកេងកង។

យោងតាមរបាយការណ៍ពីនគរបាល បានឱ្យដឹងថា ដោយទទួលបានការឯកភាពពីនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិស្តីទី, នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានដឹកនាំកម្លាំងក្រុមប្រតិបត្តិការ ដោយមានចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ឆែកឆេរ និងបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់ ដែលជ្រកក្រោមស្លាកអ៊ីនធើណេត២៤ម៉ោង មានទីតាំងដូចខាងក្រោម ៖

១. យីហោ Net7777 ស្ថិតនៅផ្ទះលេខ៨៦បេ ផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង

២. ស្ថិតនៅផ្ទះលេខ ៤៥D ផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន

៣. ស្ថិតនៅផ្ទះលេខ ៨៣បេអឺសូន្យ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានធ្វើការឃាត់ខ្លួនមនុស្សចំនួន២០នាក់ ស្រី០៤នាក់ និងចាប់យកវត្ថុតាងមួយចំនួន ហើយបាននាំមកកាន់នាយកដ្ឋាន ដើម្បីបន្តនីតិវិធី៕


ព័ត៌មានទាក់ទង...