
អង្គការ WWF និងអគ្គនាយកដ្ឋានកៅស៊ូ ប្រកាសជាផ្លូវការគម្រោងភាពជាដៃគូពហុភាគី សម្រាប់អភិវឌ្ឍន៍វិស័យកៅស៊ូប្រកបដោយនិរន្តរភាព

ភ្នំពេញ៖ អង្គការ WWF-កម្ពុជា និងអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សារណៈយោគយល់ ដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាលើកដំបូងក្នុងការកសាងដៃគូពហុភាគី សម្រាប់ការលើកកម្ពស់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព និងតម្លាភាពក្នុងប្រទេសកម្ពុជា។
ក្រោមជំនួយថវិការបស់ក្រសួងកិច្ចសហប្រត្តិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) របស់ប្រទេសអាល្លឺម៉ង់ តាមរយៈអង្គការ Welthungerhilfe, កិច្ចសហប្រតិបត្តិការភាពជាដៃគូពហុភាគីនេះ កំពុងត្រូវបានអនុវត្តក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានទាំងប្រទេសថៃ និងមីយ៉ាន់ម៉ា ផងដែរ។
ក្នុងប្រទេសកម្ពុជា កិច្ចសហប្រតិបិត្តការរយៈពេលបីឆ្នាំនេះ បានជម្រុញការចូលរួមនិងសហការណ៍ពីភាគីពាក់ព័ន្ឋសំខាន់ៗរបស់រាជរដ្ឋាភិបាល វិស័យឯកជន អង្គការសង្គមស៊ីវិល និងកសិករកៅស៊ូគ្រួសារ ក្នុងខេត្តមណ្ឌលគិរី ដើម្បីជម្រុញផលិតកម្មកៅស៊ូធម្មជាតិប្រកបដោយចីរភាព ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់ជីវភាពកសិករកៅស៊ូគ្រួសារ ជនជាតិដើមភាគតិច និងកម្មករកៅស៊ូផងដែរ។
លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានលើកឡើងថា “ការលើកកម្ពស់ផលិតកម្មកៅស៊ូគ្រួសារប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវខ្ពស់តាមរយៈការអនុវត្តការគ្រប់គ្រងបច្ចេកទេសបានយ៉ាងល្អត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែជួយបង្កើតការងារ និងចំណូលដល់សហគមន៍មូលដ្ឋានប៉ុណ្ណោះទេ វាក៏ជួយកាត់បន្ថយសម្ពាធលើធនធានធម្មជាតិផងដែរ តាមរយៈការប្រើប្រាស់ដីដាំកៅស៊ូដែលមានស្រាប់ឲ្យអស់សុពលភាព និងទប់ស្កាត់ការទន្ទ្រានដីព្រៃខុសច្បាប់។ ពិធីចុះអនុស្សារណៈយោគយល់គ្នានេះបានបើកទំព័រថ្មីមួយទៀតសម្រាប់អង្គការ WWF-កម្ពុជា លើកិច្ចខិតខំប្រឹងប្រែងធ្វើការងារក្នុងភាពជាដៃគូជាមួយស្ថាប័នជំនាញនិងមានទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា”។
អនុស្សារណៈយោគយល់នេះ គាំទ្រឆន្ទៈរួមគ្នា ក្នុងការបង្កើតឱ្យមានយន្តការភាពជាដៃគូពហុភាគី ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់អាចចែករំលែកចំណេះដឹងនិងព័ត៌មានស្តីអំពីផលិតកម្មកៅស៊ូប្រកបដោយនិរន្តរភាព ព្រមទាំងអាចចូលរួមក្នុងគោលនយោបាយជម្រុញខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិប្រកបដោយចីរភាពផងដែរ។ អនុស្សារណៈយោគយល់នេះ ក៏ផ្តល់ឱកាសក្នុងការកសាងសមត្ថភាពក្នុងការអនុវត្តផលិតកម្មកៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព ខណៈលើកកម្ពស់ការចូលរួមចំណែករបស់កសិករកៅស៊ូគ្រួសារក្នុងកិច្ចការពារធនធានធម្មជាតិក្នុងសហគមន៍របស់ពួកគេ។
លោក ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ មានប្រសាសន៍ថា “ការកសាងសមត្ថភាព និងបណ្តុះបណ្តាលបច្ចេកទេសដល់កសិករដាំកៅស៊ូ និងមន្ត្រីជំនាញផ្នែកកៅស៊ូ បូករួមទាំងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យកៅស៊ូនេះ នឹងធ្វើឱ្យវិស័យកៅស៊ូក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខប្រកបដោយចីរភាព”។
ដើម្បីជាជំនួយស្មារតីក្នុងការអនុវត្តផលិតកម្មកៅស៊ូប្រកបដោយនិរន្តរភាព អគ្គនាយកដ្ឋានកៅស៊ូ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការ WWF និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា (CRRI) បានសហការបោះពុម្ពផ្សាយសៀវភៅណែនាំបច្ចេកទេសសម្រាប់ការអនុវត្តកសិកម្មល្អ (GAP) លើការយកផលទឹកជ័រកៅស៊ូ និងបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល បូករួមទាំងការបង្ហាញការអនុវត្តដើម្បីទទួលបានបទពិសោធន៍បច្ចេកទេសដោយផ្ទាល់នៅតាមចម្ការកៅស៊ូគ្រួសារមួយចំនួនផងដែរ ទៅដល់កសិករកៅស៊ូគ្រួសារចំនួន និងមន្ត្រីជំនាញផ្នែកកៅស៊ូរបស់រាជរដ្ឋាភិបាល សរុបចំនួន ៦០ នាក់ មកពីខេត្តចំនួន ២០ នៃប្រទេសកម្ពុជា។
បច្ចុប្បន្ននេះ កសិករកៅស៊ូគ្រួសារ ចំនួន ១០០ នាក់ ដែលរស់នៅជុំវិញសហគមន៍តំបន់ការពារចំនួនប្រាំ នៅជិតដែនជម្រកសត្វព្រៃស្រែពក ក្រោមការគាំទ្រដោយអង្គការ WWF បានចូលរួមក្នុងគម្រោងនេះរួចមកហើយ ហើយគម្រោងនឹងបន្តជម្រុញការចូលរួមរបស់កសិករកៅស៊ូគ្រួសាររហូតដល់ ៣០០ គ្រួសារត្រឹមឆ្នាំ២០២២៕
