ព័ត៌មានជាតិ

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៖ ការផ្ទុះជំងឺផ្តាសាយបក្សីនៅខេត្តបាត់ដំបង មិនបង្កផលប៉ះពាល់ដល់តម្រូវការ និងតម្លៃមាន់-ទានៅលើទីផ្សារនោះទេ

image

អត្ថបទ៖ ចេង ឆហួត  

ភ្នំពេញ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស៊្រុន ពៅ បានប្រាប់ឲ្យ CNC ដឹងនៅរសៀលថ្ងៃនេះថា កន្លងទៅថ្មីៗនេះ បើទោះបីជា មានករណីផ្ទុះជំងឺគ្រុនផ្តាសាយបក្សីនៅខេត្តបាត់ដំបង ដែលបានបង្កឲ្យសត្វមាន់ងាប់ ១៣០០ក្បាល ក៏ដោយ ក៏វាមិនប៉ះពាល់ដល់តម្រូវការសាច់មាន់ឬទាឡើយ ពីព្រោះប្រជាពលរដ្ឋនៅតែមានតម្រូវការទទួលទានប្រចាំថ្ងៃ រីឯតម្លៃលក់ដូរវិញក៏មិនប៉ះពាល់ផងដែរ។ 

លោកបានអះអាងថា ជំងឺផ្តាសាយបក្សីនេះ វាបានកើតឡើងនៅតែក្នុងតំបន់មួយតូចប៉ុណ្ណោះនៅក្នុងខេត្តបាត់ដំបង ពោលគឺ វាមិនប៉ះពាល់ទៅដល់អ្នកប្រកបរបរចិញ្ចឹមសត្វមាន់ និងទា នៅទូទាំងប្រទេសនោះឡើយ។

លោកបានបន្តថា ជំងឺផ្តាសាយបក្សីដែលបណ្តាលមាន់-ទា ងាប់ទាំងនោះ មិនបង្កផលប៉ះពាល់អ្វីធ្ងន់ធ្ងរពេកនោះទេ ដោយសារតែអគ្គនាយកដ្ឋានក្រសួងកសិកម្ម បានរឹតបណ្តឹងយ៉ាងខ្លាំង និងមានវិធានការច្បាស់លាស់ ក្រោយផ្ទុះករណីជំងឺនេះឡើង ដោយឡែកខាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាវិញ ក៏បានជួយរៀបចំវិធានការបច្ចេកទេសបសុពេទ្យឲ្យប្រជាកសិករចៀសវាងឆ្លងជំងឺនេះទៅដល់សត្វមាន់ទារបស់ពួកគាត់ផងដែរ។ 

លោកបានអំពាវនាវឲ្យម្ចាស់ចិញ្ចឹមសត្វទាំងអស់នោះកម្ពុជា ត្រូវធ្វើការបាញ់ថ្នាំសម្លាប់មេរោគឲ្យបានទៀងទាត់ទៅតាមបច្ចេកទេសរបស់ក្រសួងកសិកម្ម និងពេទ្យសត្វជាដើម ដើម្បីកុំឲ្យជំងឺនេះ វាបន្តរីករាលដាលដល់សត្វមាន់ទាផ្សេងៗទៀត។ ម្យ៉ាងវិញទៀត លោកបានណែនាំដល់ប្រជាពលរដ្ឋថា ករណីផ្ទុះជំងឺផ្តាសាយបក្សីនៅបាត់ដំបង់នៅតំបន់តូចមួយតែប៉ុន្មានគីឡូតម៉ែត្រប៉ុណ្ណោះ វាមិនប៉ះពាល់ដល់សត្វមាន់ទារាប់លានក្បាលនោះទេ ដូច្នេះវាមិនបង្កការឆ្លងរីករាលដាលអ្វីធំដុំឡើយ ដូច្នេះសូមបងប្អូនកុំខ្លាចមិនហ៊ានបរិភោគសាច់មាន់ ឬទា។

កាលពីម្សិលមិញនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាស ស្តីពីការកំណត់តំបន់ជំងឺផ្តាសាយបក្សី ក្រោយផ្ទុះជំងឺនេះ នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានណែនាំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវចាត់វិធានការបព្យាបាលនៅតំបន់នោះ រួមមាន បំផ្លាញចោលចំពោះបក្សីគ្រប់ប្រភេទទៅតាមវិធានការបច្ចេកទេសបសុពេទ្យ, ផ្អាកជាបណ្តោះអាសន្នលើការទិញ ការលក់ និងការដឹកជញ្ជូនបក្សីគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ ក្នុងរង្វង់កាំប្រវែង ៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះ ជាតំបន់ត្រួតពិនិត្យ និងតាមដាន, សិក្សាស្រាវជ្រាវប្រភពជំងឺផ្តាសាយបក្សី ក្នុងរយៈពេល ៣០ថ្ងៃ និងត្រួតពិនិត្យឃ្លាំមើលចលនាបក្សីជាប្រចាំ ក្នុងរង្វង់ដែលមានកាំប្រវែង ១០គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ។ 

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ផលិតកម្មចិញ្ចឹមសត្វទាំងជាលក្ខណៈគ្រួសារ និងលក្ខណៈឧស្សាហកម្ម  ដែលមានដូចជា គោ-ក្របី ជ្រូក និងបក្សី បានបង្ហាញពីសន្ទុះនៃការរីកចម្រើនគួរឲ្យកត់សម្គាល់ គិតត្រឹមថ្ងៃ២ ខែធ្នូ ឆ្នាំ២០២០ មានការកើនឡើងសរុប ១៧,៦០% ពីជាង ៤២លានក្បាល ទៅជាង ៤៩លានក្បាល បើធៀបទៅនឹងឆ្នាំ២០១៩។

របាយការណ៍ដដែលបង្ហាញទៀតថា កសិដ្ឋានចិញ្ចឹមសត្វក្នុងឆ្នាំ ២០២០ មានចំនួន ១២៣២កន្លែង ក្នុងនោះកសិដ្ឋានចិញ្ចឹមបក្សីមានចំនួន ៦៨១កន្លែង មានសត្វក្នុងស្តុកជាង ១៧លានក្បាល កើនលើសឆ្នាំ២០១៩ ប្រមាណជា ៣៥,៦០%។ រីឯកសិដ្ឋានចិញ្ចឹមជ្រូកមានចំនួន ៥៤៧កន្លែង និងមានសត្វក្នុងស្តុកចំនួន ១,៣៣លានក្បាល កើនឡើង ១៥,៩០% បើធៀបនឹងឆ្នាំ២០១៩។  ចំពោះកសិដ្ឋានចិញ្ចឹមគោ-ក្របីគឺមានសរុប ៥៤កន្លែង និងមានសត្វក្នុងស្តុកចំនួនជិត ១ម៉ឺន ៣ពាន់ក្បាលផងដែរ៕

ព័ត៌មានទាក់ទង...