ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌចំការមន ប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នគ្រោះអគ្គិភ័យក្នុងរដូវធ្លាក់ខ្យល់

image

ភ្នំពេញ៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន យកចិត្តទុកដាក់ខ្ពស់ ចំពោះគ្រោះអគ្គិភ័យនៅរដូវធ្លាក់ខ្យល់នេះ ដោយត្រូវពិនិត្យមើលនៅមុនពេលចេញពីផ្ទះ ដូចជាភ្លើងចង្ក្រាន ទាន ធូប បញ្ហាចរន្តអគ្គិសនី ជៀសវាងការដាក់ដាំបាយ ដាំទឹក ទុកចោល ជាហេតុបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើង។ ម្យ៉ាងវិញទៀត ខណៈដែលក្នុងឆ្នាំ២០២០មានអគ្គីភ័យបានកើតឡើងច្រើនគួឱ្យគត់សម្គាល់។

ការប្រាប់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យនេះ បានធ្វើឡើងនៅពេល លោក ថេង សុថុល នាំយកអំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌ ចែកជូនប្រជាពលរដ្ឋក្រីក្រ ២០គ្រួសារ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ 

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២០ គ្រោះអគ្គិភ័យនៅទូទាំងប្រទេសកម្ពុជា បានកើតឡើងចំនួន ៨៧២ករណី គឺ កើនឡើងចំនួន ១១០ករណី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ក្នុងនោះអ្នកស្លាប់ក៏មានការកើនឡើងផងដែរ។ 

របាយការណ៍បានបង្ហាញថា ជនរងគ្រោះដែលបានស្លាប់នៅក្នុងគ្រោះអគ្គិភ័យក្នុងរយៈពេល ១០ខែ ឆ្នាំ២០២០ មានចំនួន ២៣នាក់ មានការកើនឡើងចំនួន ៦នាក់ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ ប៉ុន្តែចំនួនអ្នករងរបួសវិញបានថយចុះ ៤៦នាក់ បើធៀបនឹងឆ្នាំ២០១៩ ដែលមានអ្នករងរបួសរហូតដល់ ៩៧នាក់។ ក្រៅពីបង្កការស្លាប់ និងរបួសមនុស្ស គ្រោះអគ្គិភ័យក្នុងរយៈពេល ១០ខែ ឆ្នាំ២០២០ក៏បានបង្កការឆេះខូចខាតផ្ទះពលរដ្ឋតូចធំចំនួន ៦៥៤ខ្នង និងតូបលក់ដូរចំនួន ៥០៥តូបផងដែរ។ ចំនួននេះមានការកើនឡើង ៧៨ខ្នងផ្ទះ និង ១២៣តូប បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ២០១៩។

បើតាមរបាយការណ៍ដដែលនេះ បញ្ជាក់ថា នៅរាជធានីភ្នំពេញមានគ្រោះអគ្គិភ័យកើតឡើងច្រើនជាងគេគឺមានរហូតដល់ ១១៤ករណី បន្ទាប់មកគឺខេត្តកណ្ដាលមាន ៩២ ករណី និងខេត្តសៀមរាបមាន ៧៦ករណី៕ 

ដោយ៖ ម៉ៅ នរិទ្ធិយ៉ា

ព័ត៌មានទាក់ទង...