ព័ត៌មានជាតិ

ទំនិញខូចគុណភាពជិត២តោន ដែលដកហូតពីអាជីវករ ត្រូវបានដុតកម្ទេចចោល នៅខេត្តបាត់ដំបង

image

អត្ថបទ៖ ឡាច សុគន្ធាវី 

បាត់ដំបង៖ នៅរសៀលថ្ងៃទី១៣ ខែមករាឆ្នាំ២០២១នេះ អង្គភាពការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប សាខាខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងអាជ្ញាធរក្រុងបាត់ដំបង បានធ្វើការដុតកំទេចចោលនូវទំនិញខូចគុណភាពជិត២តោន ដែលទំនិញទាំងនេះបានធ្វើការដកហូតពីអាជីវករលក់ដូរតាមផ្សារនានាទាំងក្នុងទីប្រជុំជននិងទីផ្សារនៅតំបន់ជនបទ  ដែលខូចគុណភាព គ្មានកាលបរិច្ឆេទប្រើប្រាស់ ហួសសុពលភាព។ 

ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបាត់ដំបង លោក ហាក់ សុខរិន្ទ បានឲ្យដឹងថា ទំនិញទាំងអស់នេះ ត្រូវបានដកហូតបានកាលពីឆ្នាំ២០២០ ដែលមានទម្ងន់សរុប ១៨១០គីឡូក្រាម។ ទំនិញទាំងនោះ រួមមាន ភេសជ្ជៈគ្រប់មុខ ស្រាបៀរ អាហារគ្រាម នំធុង គ្រឿងកំប៉ុង និងទឹកត្រី ទឹកស៊ីអ៊ីវ ជាដើម ។

លោក ប្រធានសាខា ក៏បានបង្ហាញនូវផែនការក្នុងឆ្នាំ២០២១នេះផងដែរ ដែលសាខា បានត្រៀមខ្លួនក្នុងការចុះអនុវតការងារបន្តទៀតនៅតាមទីផ្សារនានាទាំងក្នុងទីប្រជុំជន និងទីផ្សារនៅតាមតំបន់ជនបទ ដោយពិនិត្យមើលលើគុណភាពនៃទំនិញ និងកាលបរិច្ឆេទនៃការប្រើប្រាស់ ពិសេសពិនិត្យរកមើលសារធាតុគីមីផ្សេងៗដែលមានដាក់នៅលើចំណីអាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ បើពិនិត្យឃើញមាន នឹងធ្វើការដកហូតដើម្បីកំទេចចោលទៀត ។

អភិបាលក្រុងបាត់ដំបង  លោក ផេង សិទ្ធី បានក្រើនរំលឹក អាជីវករត្រូវតែមានភាពស្មោះត្រង់ចំពោះអតិថិជនរបស់ខ្លួន ដោយដាក់តាំងផលិតផលណា ដែលមានគុណភាពល្អ ត្រូវចេះពិនិត្យមើលកាលបរិច្ឆេទទំនិញរបស់ខ្លួនឲ្យបានច្បាស់លាស់ មុននឹងទិញយកមកលក់ និងដាក់តាំងលក់ជូនប្រជាពលរដ្ឋ ចៀសវាងមានបញ្ហាផ្នែកសុខភាពដល់អ្នកបរិភោគ ឬអ្នកប្រើប្រាស់ ជាពិសេសមុននឹងយកទំនិញមកលក់បន្ត ត្រូវស្គាល់ទីតាំងអ្នកផលិតឲ្យច្បាស់លាស់ ។

លោកអភិបាលក្រុងបាត់ដំបង បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកទិញទាំងអស់ ត្រូវស្វែងយល់ឲ្យបានច្បាស់ពីផលិតផល ដែលគេលក់ឲ្យ ដោយពីមុនលក់ក្នុងតម្លៃថ្លៃ តែបែរមកលក់ក្នុងតម្លៃទាបជាងមុន ហើយត្រូវសួរនាំអ្នកលក់ឲ្យបានដឹងមូលហេតុ ឬពិនិត្យកាលបរិច្ឆេទ និងសុពលភាពនៃទំនិញទាំងអស់នោះឲ្យបានជាក់លាក់ មុននឹងទិញយកទៅបរិភោគ ឬប្រើប្រាស់នោះ ហើយក៏ត្រូវចេះសិក្សាស្វែងយល់ពីអាហារ ឬទំនិញប្រភេទណា ដែលអាចបរិភោគបាន តាមអ្វីដែលជំនាញបានផ្សព្វផ្សាយ និងអប់រំពន្យល់ជាបន្តបន្ទាប់នោះ ៕

ព័ត៌មានទាក់ទង...