ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងការពារជាតិ ក្រើនរំលឹកដល់សមត្ថកិច្ចការពារព្រំដែន ត្រូវការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ

image

អត្ថបទ៖ សុខ វិច្ឆ័យ 

ប៉ៃលិន៖ ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជូនដល់កងកម្លាំងតាមបណ្តោយខ្សែបន្ទាត់ព្រំដែន រវាងខេត្តប៉ៃលិន និងខេត្តចាន់បុរី ប្រទេសថៃ, នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានជំរុញដល់កម្លាំងសមត្ថកិច្ចការពារព្រំដែនទាំងអស់ ត្រូវការពារសុវត្ថិភាពជូនប្រជាពលដ្ឋ មិនត្រូវគម្រាមកំហែង បំភ័យពលរដ្ឋ ពេលដែលពួកគាត់ឆ្លងដែនមកកម្ពុជាវិញនោះទេ។

លោកនាយឧត្តមសេនីយ៍ អ៊ី ឈាន ក៏បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូពីសុខទុក្ខកងកម្លាំងប្រដាប់អាវុធគ្រប់កាលៈទេសៈ ហើយក្នុងនាមលោកផ្ទាល់ ក៏បានធ្វើការកោតសរសើរ និងលើកទឹកចិត្ត ចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត របស់កងកម្លាំងទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឲ្យមានស្មារតីមោះមុត មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អក្លាយទៅជាសាច់ឈាមតែមួយ ក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ និងការពារសុវត្ថិភាពជូនប្រជាពលដ្ឋ។ មិនត្រូវគម្រាមកំហែង បំភ័យពលករពេលឆ្លងដែនមកនោះទេ ដោយឲ្យពួកគាត់ឆ្លងដែនមកតាមសម្រួល រួចរាយការណ៍ទៅគ្រូពេទ្យជំនាញ ដើម្បីនាំពួកគេទៅមណ្ឌលធ្វើចត្តាឡីស័ក ដែលបានរៀបចំរួចដោយលោកស្រី អភិបាលខេត្ត ។

លោក បានបន្តថា ក្រៅពីបេសកកម្មប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ កងកម្លាំងទាំង៣ប្រភេទ ក៏ត្រូវតាមដាន និងរក្សាសណ្តាប់ធ្នាប់ សន្តិសុខតាមព្រំដែន ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសឆ្លងដែន ការជួញដូរខុសច្បាប់ផងដែរ៕

ព័ត៌មានទាក់ទង...