ព័ត៌មានជាតិ

មុខរបរស្ងោរខ្យងលក់របស់អ្នកភូមិបឹងក្រសាល ឃុំស្នឹង កំពុងមានការធ្លាក់តម្លៃ ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩នេះ 

image

អត្ថបទ៖ ឡាច សុគន្ធាវី 

បាត់ដំបង៖ នៅក្នុងកាលៈទេសៈដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងតែជួបនឹងវិបត្តិនៃជំងឺកូវីដ១៩ ដែលបានធ្វើឲ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ហើយដើម្បីស្ការនូវផលប៉ះពាល់ទាំងនេះបាននោះ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្នុងភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ក្រៅពីការធ្វើស្រែចម្ការត្រូវបានបញ្ចប់ ពួកគាត់បានដើររើសខ្យងនៅតាមបឹងនានា ស្ងោរលក់ ដើម្បីចិញ្ចឹមជីវភាពគ្រួសារ ។

អ្នកស្រី ឃឹម ទុំ រស់នៅភូមិបឹងក្រសាល ឃុំស្នឹង បានបញ្ជាក់ថា បន្ទាប់ពីការច្រូតកាត់់ស្រូវរួច  ក្រុមគ្រួសាររបស់អ្នកស្រី និងប្រជាពលរដ្ឋក្នុងភូមិជាមួយគ្នានេះ បាននាំគ្នាដើររើសខ្យងនៅតាមបឹងនានា ជាពិសេសអាងកំពីងពួយ អាងភាសន៍ អូរតាគី ដើម្បីស្ងោឆ្កឹះយកសាច់ យកទៅលក់បន្តដែលមានឈ្មួញកណ្តាលមករកទិញមិនដែលអាក់ខានឡើយ ដែលឈ្មួញកណ្តាលយកទៅលក់បន្តនៅប្រទេសថៃ ។ អ្នកស្រីបានបង្ហើបឲ្យដឹងថា កាលពីមុនផ្ទុះជំងឺកូវីដ១៩ ខ្យងសាច់ អាចលក់បានពី៨ពាន់ទៅជាង១ម៉ឺនរៀលក្នុង១គ.ក្រ តែបច្ចុប្បន្នតម្លៃខ្យង ធ្លាក់មកនៅត្រឹមតែ ៥០០០៛ប៉ុណ្ណោះ ក្នុង១គីឡូក្រាម។

បើទោះបីជាការដើររើសខ្យងគឺជាមុខរបរទី២របស់ប្រជាពលរដ្ឋនៅភូមិបឹងក្រសាល ក៏ដោយ តែសម្រាប់អ្នកស្រី ឃឹម ទុំ ក៏មានសំណូមពរដល់មន្ត្រីកសិកម្មជួយរកវិធីសាស្ត្របែបណា ដើម្បីសម្លាប់ខ្យងឲ្យបាន ព្រោះខ្យងបានកាត់ដំណាំស្រូវរបស់ប្រជាកសិករគួរឲ្យបារម្ភបំផុត ។ 

អ្នកស្រី បានឱ្យដឹងបន្ថែមថា ក្នុង១ថ្ងៃសម្រាប់មនុស្ស ២នាក់ ដើររើសខ្យងមកស្ងោរលក់ អាចបានចំនួន ១៥គ.ក្រ ក្នុងមួយថ្ងៃ ថវិកាដែលបានមកពីការលក់សាច់ខ្យងសម្រាប់ដោះស្រាយជីវភាពរស់នៅរបស់ពួកគាត់ បើមិនបានធូរធារក៏អាចទប់ទល់បានខ្លះ ក្នុងពេលដែលប្រទេសយើងកំពុងជួបនឹងវិបត្តិនៃជំងឺកូវីដ១៩នេះបានមួយផ្នែកផងដែរ៕