ព័ត៌មានជាតិ

ក្រសួងធម្មការ ដាក់ចេញសេចក្តីណែនាំ ៣ចំណុចស្តីពីការរៀបចំពិធីបុណ្យមាឃបូជា សម្រាប់ឆ្នាំ២០២១

image

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានណែនាំចំនួន ៣ចំណុច ដើម្បីត្រៀមរៀបចំពិធីបុណ្យមាឃបូជា ដែលជាពិធីបុណ្យដ៏ធំមួយក្នុងបណ្តាបុណ្យធំៗ ក្នុងវិស័យព្រះពុទ្ធសាសនា និងជាបុណ្យដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោក តែងតែប្រារព្វធ្វើមិនដែលខាន។ សម្រាប់ពិធីបុណ្យមាឃបូជា ឆ្នាំ២០២១ ត្រូវប្រារព្វឡើងរយៈពេល២ថ្ងៃ គឺថ្ងៃ២៨ និងថ្ងៃ២៩ ខែមករា។ 

យោងតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា នៅគ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេសកម្ពុជា ត្រូវរៀបចំពិធីនេះឱ្យបានមហោឡារឹកទៅតាមទំនៀមទម្លាប់ប្រពៃណី តែត្រូវគោរពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសគោរពតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ 

ក្រៅពីនោះ គ្រប់វត្តអារាមទាំងអស់ ត្រូវបោសសំអាតអនាម័យឱ្យបានល្អ ជាពិសេសទីកន្លែងសក្ការៈរបស់ពុទ្ធបរិស័ទ ព្រមទាំងរៀបចំតុបតែងលម្អរបរិវេណវត្តអារាមដោយផ្កាភ្ញី ផ្ទាំងប៉ាណូធំៗស្តីពីពុទ្ធប្រវត្តិ ទង់ជាតិ សាសនា ព្រះមហាក្សត្រ និងពាក្យស្លោកជាដើម។ គ្រប់បណ្តាវត្តទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរដែនដី ដើម្បីការពារសុវត្ថិភាពក្នុងពិធីបុណ្យ និងអំពាវនាវឱ្យពុទ្ធបរិស័ទ មហាជន អញ្ជើញចូលរួមចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ។

គួរបញ្ជាក់ថា មាឃបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ ពិធីនេះ តែងប្រារព្ធឡើងនូវថ្ងៃ១៥កើត ខែមាឃ ដើម្បីរម្លឹកនូវព្រឹត្តិការណ៍សំខាន់ ៣ រួមមាន ទី១. ការធ្វើចតុរង្គសន្និបាត និងទី២. ព្រះពុទ្ធសម្តែងឱវាទបាតិមោក្ខដល់ភិក្ខុ និងទី៣.ព្រះពុទ្ធដាក់អាយុសង្ខារ៕

ដោយ៖ អ៊ាង គង្គា