ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់អំណោយដល់កុមារមានពិការភាពជិត ២០០នាក់

image

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អំណោយជាសម្ភារ និងថវិកាមួយចំនួនដល់កុមារមានពិការភាព និងគថ្លង់ចំនួន ១៧៩នាក់ មកពីអង្គការគ្រួសារថ្មី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ អំណោយទាំងនោះ ត្រូវបាននាំយកទៅចែកជូនដោយ លោក ឯម ចន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោក ឯម ច័ន្ទមករា បានលើកឡើងថា ខណៈពេលនេះក្រសួងសង្គមកិច្ចកំពុងរៀបចំមជ្ឈមណ្ឌលជាតិជនពិការកម្ពុជានៅស្រុកអង្គស្នួល ខេត្តកណ្ដាល លើផ្ទៃដី ៧ហិកតា។ មជ្ឈមណ្ឌលនោះ នឹងក្លាយជាទំព័រប្រវត្តិសាស្រ្តថ្មី សម្រាប់វិស័យពិការភាពនៅកម្ពុជា ព្រោះមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ជាទីតាំងដែលអនុញ្ញាតឱ្យជនមានពិការភាព អាចប្រើប្រាស់ ទទួលសេវា និងជាកន្លែងរោងចក្រផលិត អវយវៈសិប្បនិម្មិត និងរទេះសម្រាប់ជនមានពិការភាព មានទាំងកន្លែងកម្សាន្ត និងពេទ្យសម្រាប់ព្យាបាលក្នុងទីតាំងមជ្ឈមណ្ឌលដោយផ្ទាល់ ផងដែរ។

លោក ឯម ចន្ទមករា បានឱ្យដឹងដែរ សម្រាប់ឆ្នាំ២០២០កន្លងទៅ កម្ពុជាបានខកខានរៀបចំពិធីជួបជុំអបអរសាទរ ទិវាជនមានពិការភាពកម្ពុជា និងអន្តរជាតិ ៣ធ្នូ ដោយសារវិបត្តិជំងឺកូវីដ-១៩។ ទោះជាមិនបានរៀបចំពិធីនេះក្ដី តែប្រមុខរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ជនមានពិការភាពជានិច្ច។ ជាក់ស្ដែងថ្ងៃនេះ សម្ដេចទាំងពីរបានផ្ដល់ជាអំណោយរួមមាន សម្ភារប្រើប្រាស់ដូចជា ម៉ាស ជែល សាប៊ូ ថ្នាំពេទ្យ រួមទាំងថវិកាចំនួន ១០ម៉ឺនរៀល សម្រាប់កុមារគ្រប់រូបផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នមន្រ្តីជំនាញក្រសួងសង្គមកិច្ច និងមន្ត្រីក្រសួងពាក់ព័ន្ធ កំពុងរៀបចំវិសោធនកម្មច្បាប់ លើចំណុចមួយចំនួន ដើម្បីដាក់ទោសទណ្ឌចំពោះ ជនដែលមាក់ងាយ ជេរប្រមាថ ឬកេងប្រវ័ញ្ច លើជនមានការភាពផងដែរ។ តាមការគ្រោងទុកវិសោធនកម្មច្បាប់នេះ អាចនឹងបញ្ចប់ជាស្ថាពរក្នុងខែមីនា ឆ្នាំ២០២១៕

ដោយ៖ គង់ វណ្ណៈ

ព័ត៌មានទាក់ទង...