ព័ត៌មានអន្តរជាតិ

មនុស្សរាប់ម៉ឺននាក់នៅហូឡង់នឹងត្រូវធ្វើតេស្តិ៍ក្រោយពីមានការផ្ទុះឡើងនូវវីរុសកូរ៉ូណាប្រភេទថ្មី

image


អាំស្ទែដាំ៖ មនុស្សរាប់ម៉ឺននាក់នៅតំបន់មួយក្បែរទីក្រុង រ៉ូតឺដាំ (Rotterdam) ប្រទេសហូឡង់ត្រូវបានអំពាវនាវឲ្យទៅធ្វើតេស្តិ៍រកជំងឺកូវីដ១៩បន្ទាប់ពីសាលាបឋមសិក្សាមួយបានរាយការណ៍ពីការផ្ទុះឡើងនូវវីរុសកូរ៉ូណាប្រភេទថ្មីដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសអង់គ្លេស។

មនុស្សទាំងអស់៦ម៉ឺននាក់ត្រូវបានអញ្ជើញតាមរយៈអ៊ីម៉េលដើម្បីណាត់ជួបធ្វើតេស្តិ៍ដោយអាជ្ញាធរបានរៀបចំកន្លែងធ្វើតេស្តិ៍ទ្រង់ទ្រាយធំចំនួន៤កន្លែងដែលក្នុងនោះមានទីតាំងមួយអាចធ្វើតេស្តិ៍បានដល់២,៥០០នាក់ក្នុងមួយថ្ងៃ។

អាជ្ញាធរក្នុងតំបន់បានសរសេរនៅលើគេហទំព័រថា អ្នករស់នៅក្នុងស្រុក ឡានស៊ីងហ្គឺឡេន (Lansingerland) ទាំងអស់ដែលមានអាយុលើសពី២ឆ្នាំត្រូវចូលរួមធ្វើតេស្តិ៍ បើទោះបីជាមានអ្នកដែលធ្លាប់ឆ្លងជំងឺកូវីដ១៩ម្តងរួចហើយក៏ដោយ។

គ្រូបង្រៀននិងកូនសិស្សជាច្រើននៅសាលាបឋមសិក្សាមួយក្នុងតំបន់នោះត្រូវបានធ្វើតេស្តិ៍រកឃើញវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី ហើយអាជ្ញាធរព្រួយបារម្ភថាវីរុសនេះអាចនឹងឆ្លងរាលដាលបន្ថែមទៀត។

កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីហូឡង់លោក ម៉ាក រូតតេ (Mark Rutte) បានប្រកាសបន្តវិធានការបិទប្រទេសរយៈពេល៣សប្តាហ៍ទៀត និងបានលើកឡើងពីការព្រួយបារម្ភខ្លាំងបំផុតចំពោះការលេចឡើងនៃវីរុសកូរ៉ូណាប្រភេទថ្មីនេះ៕

ប្រែសម្រួល៖ នីតា