ព័ត៌មានជាតិ

រដ្ឋមន្ត្រីដែនដី កំពុងរកវិធីទាញយកទឹកជួយសង្គ្រោះដំណាំប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ

image

ត្បូងឃ្មុំ៖ ដើម្បីជួយសង្គ្រោះដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីកម្ម និងសំណង់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យបឹង ប្រឡាយ និងទំនប់ទឹកមួយចំនួន ដើម្បីសិក្សាទាញយកប្រភពទឹកសម្រាប់ស្រោចស្រពដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងរដូវប្រាំង ដូចជា ស្រូវ ពោត និងថ្នាំជក់ជាដើម ខណៈឆ្នាំនេះ បឹង និងប្រឡាយនានា បានគោករាក់ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបង្ខំចិត្តបុកអណ្តូងស្នប់ ដើម្បីទាញយកទឹកមកប្រើប្រាស់។

ប្រឡាយមួយចំនួនដែលកំពុងស្តារឡើងវិញមានដូចជា ប្រឡាយវត្តគគីរ និងប្រឡាយទួលតាចក់ ដោយដាក់ម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង ដើម្បីជួយបូមទឹកពីព្រែកចាម ចូលប្រឡាយប្រវែង ៤គីឡូម៉ែត្រ បម្រើប្រយោជន៍ដល់កសិករចំនួន ៦ភូមិ លើផ្ទៃដីជាង ២០០ហិកតា។ ក្រៅពីនោះគ្រោងជីកស្រះធំមួយនៅឃុំស្វាយឃ្លាំង បម្រើការស្រោចស្រពលើផ្ទៃដីច្រើនជាង ៣០០ហិកតាផងដែរ។ ចំពោះការអន្តរាគមន៍ស្តារប្រឡាយអូរឈ្លើង យកទឹកពីបឹងធំ ក្នុងឃុំរកាខ្នុរ សម្រាប់ស្រោចស្រពដំណាំថ្នាំជក់ ពោត ប្រជាពលរដ្ឋចំនួន ៥ភូមិទៀត។ ដោយឡែកនៅឃុំឈូក ក្រុមការងារបានទាញយកទឹក សង្គ្រោះស្រូវនៅចំណុចឃ្លីវ និងបឹងកាដេ តាមរយៈការស្តារប្រឡាយទាញយកទឹកពីបឹងកាដេ ដែលអាចស្រោចស្រពលើផ្ទៃដីច្រើនជាង ១៥០០ហិកតា ផងដែរ។

លោក ជា សុផារ៉ា ក្នុងនាមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ដោយបានប្រាប់ឱ្យអាជ្ញាធរ ភូមិ/ឃុំ ត្រូវសិក្សាឱ្យបានច្បាស់លាស់ ចំពោះការជីកប្រឡាយ ធ្វើទំនប់ ហើយធ្វើបែបណាដើម្បីរក្សាទឹកបានច្រើនអាចប្រើប្រាស់បានគ្រប់គ្រាន់តាមតំបន់នីមួយៗ ខណៈក្រុមការងារត្រៀមជានិច្ច ក្នុងការជួយតាមសំណូមពរ។ ទន្ទឹមនឹងនោះលោកក៏បានប្រាប់ទៅប្រជាពលរដ្ឋផងដែរឱ្យជួយថែរក្សាទំនប់ ប្រឡាយ ពិសេសមិនត្រូវលក់ដីជាដាច់ខាត ព្រោះការលក់ទទួលបានប្រាក់តែម្ដងប៉ុណ្ណោះ តែបើទុកដីបង្ករបង្កើនផលអាចទទួលបានប្រាក់ចំណូលជារៀងរហូត៕

ដោយ៖ ជឹង សេងឡុង