ព័ត៌មានជាតិ

រកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី១៥នាក់ និងមានអ្នកជាសះស្បើយចំនួន៤នាក់

image

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១៥នាក់ បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ៤នាក់ គិតត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ 

ក្រសួងសុខាភិបាលបានបញ្ជាក់ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ទាំង១៥នាក់នោះ សុទ្ធសឹងតែជាពលករខ្មែរមកពីប្រទេសថៃ។ ចំណែកអ្នកជាសះស្បើយចំនួន ៤នាក់វិញ ជាពលករធ្វើដំណើរមកពីប្រទេសថៃ ដែលជាបុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១, ស្ត្រីជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០, ស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០, ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០។ 

បុគ្គលទាំង ៤នាក់ខាងលើ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៧:០០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤២៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៨១នាក់ និងអ្នកជំងឺចំនួន ៤៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ដោយ៖ គង់ វណ្ណៈ

ព័ត៌មានទាក់ទង...