ព័ត៌មានអន្តរជាតិ

សភាក្រិក អនុម័តទិញយន្តហោះចម្បាំងរ៉ាហ្វាល់ ១៨គ្រឿងពីបារាំង

image

អាថែន៖ សភាក្រិក នៅថ្ងៃព្រហស្បតិ៍ ទី១៤ មករា បានអនុម័តការបញ្ជាទិញយន្តហោះចម្បាំង រ៉ាហ្វាល់(Rafale) ចំនួន ១៨ គ្រឿងពីបារាំង ក្នុងទំហំទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ។ 

ការយល់ព្រមទិញយន្តហោះចម្បាំងស៊េរីទំនើបពីបារាំងនេះ ធ្វើឡើងខណៈរដ្ឋាភិបាលអាថែន កំពុងព្យាយាមពង្រឹងសមត្ថភាពយោធាខ្លួន អំឡុងជម្លោះតានតឹងជាមួយប្រទេសជិតខាង តួកគី ជុំវិញធនធានថាមពលក្នុងតំបន់ សមុទ្រមេឌីទែរ៉ាណេ (Mediterranean)។ 

មុនពេលបោះឆ្នោតក្នុងសភា រដ្ឋមន្ត្រីការពារក្រិក នីកូស បាណាជីអូធូពូលូស (Nikos Panagiotopoulos) គូសបញ្ជាក់ថា នេះគឺជាបញ្ហាជាតិដ៏មានសារសំខាន់បំផុត ព្រោះតែស្ថានការណ៍ភូមិសាស្រ្តនយោបាយបច្ចុប្បន្ន ដែលហ៊ុមព័ន្ធដោយបញ្ហាប្រឈម និងការគំរាមកំហែងសន្តិសុខដ៏ស្មុគស្មាញក្នុងតំបន់ ក៏ដូចជាឥរិយាបថរបស់ប្រទេសជិតខាងក្រិក ដែលមានជម្លោះផ្ទាល់ជាមួយក្រិកផងដែរ។ 

កិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងរ៉ាហ្វាល់ថ្មី ៦គ្រឿង និងប្រើរួច ១២គ្រឿង រំពឹងត្រូវចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិបារាំង និងក្រិក នាចុងខែមករានេះ។ យោងតាមសារព័ត៌មានរ័យទ័រ (Reuters) ការដឹកជញ្ជូនយន្តហោះនេះជើងទីមួយ រំពឹងធ្វើឡើងអំឡុងពាក់កណ្ដាលឆ្នាំដំបូងនៃឆ្នាំ២០២១នេះ។ 

សូមបញ្ជាក់ដែរថា រដ្ឋាភិបាលក្រិក ធ្លាប់បានប្រកាសថាខ្លួនចង់ធ្វើវិនិយោគលើវិស័យការពារ រួមមាន ការបង្កើនចំនួនកងទ័ព ទិញនាវាចម្បាំង ឧទ្ធមាគចក្រ និងដ្រូនថ្មីៗបន្ថែម ជាពិសេស បង្កើនសមត្ថភាពប្រយុទ្ធរបស់កងយន្តហោះចម្បាំង F-16 របស់កងទ័ពជើងអាកាសក្រិក៕  

អត្ថបទដោយ៖ អ៊ឹម ម៉េងស៊ាង